នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងដាក់ទិសដៅក្នុងឆ្នាំថ្មីរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២០ មករា លោកឧកញ៉ា លី ហួរ ប្រធានសមាគម លើកឡើងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏ជាធ្នាក់មួយសម្រាប់ទាក់ទាញវិនិយោគិនពីបរទេសមកវិនិយោគក្នុងវិស័យលំនៅឋាន សំណង់នៅក្នុងប្រទេសកម្ពុជាផងដែរ ។
លោកមានប្រសាសន៍ថា ៖ « អ្នកវិនិយោគដែលមកពីខាងក្រៅចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា គាត់មិនដឹងពីផ្លូវច្បាប់នានា ឬបែបបទផ្សេងៗនៅក្នុងការវិនិយោគទេ ។ ដូចនេះហើយគាត់អាចនឹងមកទាក់ទងសមាគម ដើម្បីឲ្យសមាគមជួយណែនាំដល់ពួកគាត់ ឬរៀបចំឯកសារនានាសម្រាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា » ។
លោកបន្តថា វិនិយោគិនដែលចូលមកក្នុងប្រទេសកម្ពុជា គេនឹងស្វែងរកសមាគមអ្នកអភិវឌ្ឍន៍ក្នុងស្រុកដើម្បីចាប់ដៃគ្នាក្នុងការវិនិយោគ ហើយមួយទៀត ពួកគេនឹងត្រូវមើលពីផ្លូវច្បាប់នៃសំណង់ផងដែរ ។ ដូចនេះ បើពួកគាត់មកដល់ ពួកគាត់មិនដឹងទៅពឹងអ្នកណា រកអ្នកណា ដូច្នេះហើយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបង្ហាញ ឬណែនាំពីច្បាប់សំណង់ផ្សេងៗដល់ពួកគាត់ និងអូសទាញវិនិយោគិនទាំងនោះមកវិនិយោគក្នុងស្រុកឲ្យកាន់តែច្រើន ។ នៅពេលមានវិនិយោគិនមកកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំផងដែរ ។
លោកបន្ថែមថា ដើម្បីអូសទាញវិនិយោគិន ចូលមកក្នុងស្រុកយើងកាន់តែច្រើននៅក្នុងឆ្នាំ២០១៧នេះ សមាគមបានដាក់ផែនការ និងយុទ្ធសាស្ដ្រមួយចំនួនទៀតឲ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាន់តែរឹងមាំថែមទៀត រួមមាន ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ មានការទទួលស្គាល់សមាគមកាន់តែច្រើន ជាពិសេស វិនិយោគិនលើវិស័យសំណង់ចូលជាសមាជិកកាន់តែច្រើន, ជួយរកបញ្ហារបស់សមាជិក-សមាជិកាសមាគមឲ្យទាន់ពេលវេលា, បង្កើនវេទិកាធុរកិច្ចសម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិស័យអភិវឌ្ឍន៍លំនៅឋាន និងចូលរួមជួយសង្គមលើផ្នែកអប់រំ សុខភាព ចាស់ជរា កុមារកំព្រា ប្រជាជនក្រីក្រទៅតាមលទ្ធភាពដែលសមាគមអាចធ្វើទៅបាន។
ចំពោះលទ្ធផលនៃការងារពេញមួយឆ្នាំរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ដែរថា សមាគមបានជួយដោះស្រាយបញ្ហាជូនសមាជិកបានច្រើនទៅតាមសំណូមពររបស់សមាជិក ដោយប្រជុំជាមួយអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធររាជធានី ដើម្បីស្នើសុំនូវគោលការណ៍មួយចំនួនដែលជាបញ្ហារបស់សមាជិកសមាគម។ ក្រៅពីនោះ សមាគមក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរដូចជា ឧបត្ថម្ភមួយចំនួនជូនជនក្រីក្រនៅស្រុកស្នួល ខេត្តក្រចេះ, ឧបត្ថម្ភអណ្ដូងទឹកចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋ សិស្សានុសិស្សនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឧបត្ថម្ភអណ្ដូងទឹកចំនួន៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
គួរបញ្ជាក់ថា សព្វថ្ងៃ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសមាជិកសរុបចំនួន៣៥ក្រុមហ៊ុន ខណៈពេលដំបូងមានតែ៣២ក្រុមហ៊ុនចូលរួម ហើយក៏នឹងមានក្រុមហ៊ុនសាងសង់លំនៅឋាននៅកម្ពុជា ជាបន្តបន្ទាប់ទៀតនឹងចូលជាសមាជិកនាពេលខាងមុខ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
https://kohsantepheapdaily.com.kh/article/158427.html