អ្នកវិនិយោគវិស័យសំណង់រួមគ្នាបង្កើតសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា
Posted Date : 31-03-2016
Thu, 31 March 2016 ស៊ីវ ម៉េង
ក្រុមអ្នកវិនិយោគវិស័យសំណង់ចំនួនជាង៣០ក្រុមហ៊ុនធំៗបានរួមគ្នា បង្កើតជាសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ក្នុងគោលដៅធ្វើឲ្យអ្នករកស៊ីនៅក្នុងវិស័យនេះអាចធ្វើការរួមគ្នា ដើម្បីពង្រឹងគុណភាពសំណង់ និងដោះស្រាយបញ្ហាប្រឈមនានា។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារនេះថា៖ «លោកឧកញ៉ា លី ហួរ ត្រូវបានសមាជិកភាគច្រើនបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាប្រធានសមាគមថ្មីនេះ ដែលមានអាណត្តិ៣ឆ្នាំម្តង។ សមាជិកសមាគមនេះ មានសមាសភាពជាអ្នកវិនិយោគលើវិស័យលំនៅឋាន ខុនដូ អាផាតមិន និងក្រុមហ៊ុនសាងសង់។ លោកបន្តថា សមាគមនេះមានប្រធានមួយរូប អនុប្រធាន៨រូប និងអគ្គលេខាធិការមួយក្រុម ដែលធ្វើការងារតាមជំនាញរបស់ពួកគេ។
លោកបន្តថា ៖ «ការបង្កើតសមាគមនេះ មានគោលដៅធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងវិស័យនេះទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការបង់ពន្ធ ក៏ដូចជាបញ្ហាផ្លូវច្បាប់ដែលពួកគេជួបប្រទះ»។ លោកបន្តថា ៖ «សមាជិកនឹងធ្វើការរួមគ្នាធ្វើយ៉ាងណាអភិវឌ្ឍន៍លំនៅឋានឲ្យមានគុណភាព និងទាក់ទាញអ្នកវិនិយោគបរទេសចូលរួមអភិវឌ្ឍក្នុងវិស័យនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គម»។
គួររំឭកថា តាមអ្វីដែលជាការចងចាំរបស់អ្នកតាមដាននៅក្នុងឧស្សាហកម្មអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានឲ្យដឹងថា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានបង្កើតឡើងតាំងពីច្រើនឆ្នាំកន្លងមកហើយ គឺមានអាយុកាលប្រហាក់ប្រហែលនិងសមាគមអ្នកវាយតម្លៃអចលទ្រព្យកម្ពុជា (CVEA) ផងដែរ។ ប៉ុន្តែសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ដែលអះអាងថា ទើបនឹងបង្កើតថ្មីនោះក៏ត្រូវម្យ៉ាងដែរ ព្រោះតាំង ពីអតីតកាលនៃការបង្កើតសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នោះមកគឺគេពុំសូវឃើញសកម្មភាពរបស់ស្ថាប័ននេះទេ។
នៅពេលសួរថា ប្រសិនជាក្រុមហ៊ុនណាមួយជាសមាជិកសមាគមអភិវឌ្ឍលំនៅឋានមានកំហុសនោះគេនឹងទទួលរងពិន័យផ្សេងៗ ឬដកចេញពីសមាជិកសមាគមដែរឬទេ?លោក ហ៊ុយ វណ្ណា បានថ្លែងថា ៖ «យើងមិនទាន់គិតដល់បញ្ហានេះនៅឡើយទេគឺយើងដោះស្រាយបញ្ហាប្រឈមជាមួយសមាជិកដែលមានបញ្ហាច្បាប់ ឬការបង់ពន្ធជាមុនសិន»។
លោក ហ៊ុយ វណ្ណា បានបន្តថា សមាគមនឹងបើកទ្វារពង្រីកសមាជិកភាពរបស់ខ្លួនបន្តទៀត ហើយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អាចចូលជាសមាជិកសមាគមនេះបានគឺជាក្រុមហ៊ុនស្របច្បាប់និងត្រូវបង់ប្រាក់សមាជិកភាពចំនួន៣០០០ដុល្លារក្នុងមួយឆ្នាំ។
លោកឧកញ៉ា លី ហួរ ម្ចាស់បុរីវិមានភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុនលីហួរគ្រុប ដែលជាប្រធានសមាគមនេះបានថ្លែងថា៖ «ស្របពេលនឹងការរីកចម្រើនរបស់ប្រទេសជាតិយើងវិស័យសេដ្ឋកិច្ចដែលឈានឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងនោះ ក៏មានវិស័យសំណង់ អ៊ីចឹងម្ចាស់ក្រុមហ៊ុននានា ដូចជាម្ចាស់បុរីជាច្រើនបានមូលមតិគ្នា ដើម្បីបង្កើតជា [សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា] ដើម្បីមានភាពងាយស្រួលក្នុងការធ្វើការងាររួមគ្នា»។
លោកបន្តថា ៖ «និន្នាការរបស់យើងសព្វថ្ងៃនេះវិស័យសំណង់បានរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសកម្ពុជា មានទាំងអ្នកអភិវឌ្ឍក្នុងស្រុកក៏ដូចជាបរទេសបានចូលរួមចំណែកយ៉ាងច្រើន»។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងថា លោកសូមអបអរសាទរចំពោះការបង្កើតសមាគមនេះ ដែលនឹងធ្វើឲ្យមានសំឡេងផ្សេងៗគ្នាអាចលើកជាសំណូមពរអ្វីមួយទៅរដ្ឋាភិបាលមានប្រសិទ្ធភាព ព្រោះពេលណាមានបណ្តុំសំឡេងមួយ គឺចំណេញដល់រដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យអភិវឌ្ឍបាន និងដឹងពីការអភិវឌ្ឍលំនៅឋានស្ថិតនៅទីតាំងណាមួយ។
លោកបន្តថា ៖ «ទោះជាយ៉ាងណាសមាគមថ្មីនេះ គួរធ្វើការសិក្សាជាមួយគណៈស្ថាបត្យករកម្ពុជា ទាក់ទងនឹងសោភ័ណភាពគុណភាពសំណង់ ដើម្បីធ្វើឲ្យចរន្តនៃការអភិវឌ្ឍមានភាពស្ថិតស្ថេរចីរកាល»។
លោកបន្តថា ៖ «បច្ចុប្បន្នមានបុរីមួយចំនួនបានបិទច្រកចេញចូលក្នុងរង្វង់បុរីរបស់ខ្លួន មិនអាចភ្ជាប់ទៅកាន់សហគមន៍ ឬបុរីផ្សេងទៀតនេះជាការគិតគូរពីបញ្ហាសុវត្ថិភាព ប៉ុន្តែពួកគេគួរគិតគូរផងដែរ ប្រសិនជាមានបញ្ហាចរាចរណ៍ ឬបញ្ហាណាមួយពួកគេគួរមានផ្លូវ ឬច្រកចេញណាផ្សេងដែរឬទេ?»។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា (CVEA) បានសម្តែងការស្វាគមន៍ចំពោះដំណឹងថ្មីនេះ ហើយលោកសង្ឃឹមថា នឹងបានសហការជាដៃគូដើម្បីការអភិវឌ្ឍនៅក្នុងឧស្សាហកម្មអចលនទ្រព្យកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោកបន្តថា ៖ «វាពិតជាល្អសម្រាប់ពួកយើងទាំងអស់គ្នា ព្រោះការរៀបចំឲ្យមានដំណើរការសមាគមនេះ(សាជាថ្មីឡើងវិញ)ដោយពួកគាត់គឺជាក្រុមអ្នកសាងសង់ រីឯពួកយើង (CVEA) គឺជាភ្នាក់ងារអ្នកលក់។ ដូច្នេះយើងទាំងពីរពិតជាដៃគូសហការគ្នាយ៉ាងល្អនៅថ្ងៃខាងមុខ»។
ដោយមានបទពិសោធច្រើននៅក្នុងវិស័យអចលនទ្រព្យ រួមទាំងបទពិសោធនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅខាងក្រៅប្រទេសកម្ពុជាផងនោះ លោក ហ៊ាង បានបញ្ជាក់ថា ៖ «ចលនាសកលភាវូនីយកម្ម នាពេលបច្ចុប្បន្ននេះ គឺតម្រូវឲ្យអ្នករកស៊ីត្រូវតែសហការគ្នាជាធ្លុងមួយជាមួយគ្នា ដូចជា ការ[បង្កើតសមាគមអ្នក អភិវឌ្ឍលំនៅឋានកម្ពុជា] នេះឡើង គឺដើម្បីធ្វើឲ្យពួកគាត់មានសំឡេងរួមខ្លាំងតែមួយ (One Voice and Strong)»៕
ដងស្រង់ពី Phnom Penh Post
|