ខណៈដែលសកម្មភាពនៃការលក់បន្ទប់ស្នាក់នៅ (យូនីត) តាមខុនដូនីមួយៗហាក់មានសភាពនៅទ្រឹងនោះ លោកឧកញ៉ា ចេង ខេង បានសំណូមឱ្យប្រជាជនខ្មែរជួយគាំទ្រគម្រោងខុនដូនានានៅកម្ពុជា ដើម្បីជំរុញឱ្យមានការអភិវឌ្ឍលឿនដូចប្រទេសរីកចម្រើននានាលើសកលលោក។
ការនិយាយបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលម្ចាស់គម្រោង Sino Plaza ធ្វើកម្មវិធី V VIP Launch ដោយបានអញ្ជើញភ្ញៀវដែលបានកក់នាពេលកន្លងមកឱ្យមកជ្រើសរើសបន្ទប់ (យូនីត) ដែលខ្លួនពេញចិត្ដ មុននឹងម្ចាស់គម្រោងប្រកាសដាក់លក់ជាផ្លូវការ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Huttons CPL ដែលទទួលបានសិទ្ធិផ្តាច់មុខជួយលក់គម្រោង Sino Plaza បានលើកឡើងថា នៅពេលប្រជាជនខ្មែរទៅបរទេស ពួកគាត់តែងកោតសរសើរចំពោះការរីកចម្រើននៃវិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសគេ ព្រោះនៅប្រទេសគេមានសំណង់អគារខ្ពស់កប់ពពកជាច្រើននៅតាមដងវិថីនានា។ មានពេលខ្លះ អ្នកទាំងអស់នោះថែមទាំងមានក្ដីស្រមៃចង់ឃើញប្រទេសខ្លួនមានការអភិវឌ្ឍដូចប្រទេសគេថែមទៀតផង។
ហេតុដូច្នេះ វាជាពេលវេលាដ៏ល្អសម្រាប់ប្រជាជនខ្មែរ ដែលគួរចូលរួមគាំទ្រ និងមានជំនឿចិត្ដខ្ពស់ចំពោះគម្រោងអភិវឌ្ឍន៍ល្អៗដែលមាននៅក្នុងប្រទេសកម្ពុជាស្រាប់ ដើម្បីឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនស្មើមុខស្មើមាត់ជាមួយប្រទេសរីកចម្រើននានា។
អគ្គនាយកក្រុមហ៊ុន Huttons CPL បានបញ្ជាក់ថា កន្លងមកមានគម្រោងនៅក្នុងស្រុកជាច្រើនដែលជាគម្រោងល្អ ហើយអ្នកអភិវឌ្ឍន៍មានសមត្ថភាពក្នុងការបញ្ចប់គម្រោងតាមផែនការ ហើយគម្រោងនោះតែងតែលក់បានជោគជ័យ និងមិនបង្កឱ្យមានការព្រួយបារម្ភដល់អតិថិជននោះទេ។ ដូច្នេះបើទោះបីជាមានតែមួយ ឬពីរដែលអាចធ្វើឱ្យរាំងស្ទះ និងមិនអាចបញ្ចប់តាមផែនការក៏ដោយ ប៉ុន្ដែវាគ្រាន់តែជាតួលេខដែលមានចំនួនតិចតួចតែបុ៉ណ្ណោះ។
ឧកញ៉ាមានប្រសាសន៍ថា ៖ “នៅក្នុងទីផ្សារអចលនទ្រព្យអ្នកទាំងអស់គ្នាប្រាកដជាស្គាល់ខ្ញុំស្រាប់ហើយនូវអ្វីដែលខ្ញុំបានធ្វើកន្លងមកក្នុងរយៈពេលប្រហែល20ឆ្នាំនេះ។ មូលហេតុដែលខ្ញុំជោគជ័យ គឺខ្ញុំធ្វើអ្វីៗមិនដែលមានបញ្ហាដល់បងប្អូនណា ឬក៏ធ្វើឱ្យក្នុងវិស័យដីធ្លីមានបញ្ហានោះទេ។ កន្លង មកនៅក្នុងវិស័យដីធ្លីធ្លាប់កើតមានរឿងជាច្រើន ដែលធ្វើឱ្យមនុស្សម្នាក់ៗយល់ថា ឱ្យតែអ្នករកស៊ីដីធ្លីសុទ្ធតែជាអ្នករំលោភបំពានដីអ្នកដទៃ ឬធ្វើរឿងមិនល្អ។ សម្រាប់ខ្ញុំក្នុងរយៈពេល20ឆ្នាំនេះ គឺខ្ញុំធ្វើការងារបានស្អាតស្អំ ហើយខ្ញុំតែងតែផ្ដោតលើការងារខ្ញុំ។ ខ្ញុំមិនដែលផ្លាស់ប្ដូរការងារទេ បើទោះបីស្ថានភាពទីផ្សារដីធ្លីយ៉ាងម៉េចក៏ដោយ សម្រាប់ខ្ញុំ គឺខ្ញុំធ្វើទៅលើវិស័យដីធ្លីនេះតែមួយគត់។
ឧកញ៉ា ចេង ខេង បានប្រាប់ទៀតថា នៅលើពិភពលោកមានមហាសេដ្ឋីជាច្រើនដែលបានកើតចេញពីវិស័យអចលនទ្រព្យ ដូច្នេះអ្នកដែលមានបំណងចង់រស់នៅក្នុងខុនដូ ប្រកបដោយផាសុកភាព និងសុវត្ថិភាពគួរតែទិញ ឬមានផែនការទិញនៅពេលអនាគត។ លោកឧកញ៉ាបានបន្ថែមថា ៖ “បើក្រឡេកទៅមើលអតីតកាលប្រទេសជិតខាងមួយចំនួនក៏គេធ្លាប់គិតថា ការរស់នៅលើអគារខ្ពស់ជាការលំបាក មិនហ៊ានរស់នៅ។ ជាក់ស្តែងនៅប្រទេសថៃ ម៉ាឡេស៊ី ចិនតៃប៉ិក កាលពី10ឆ្នាំមុនប្រជាជនក្នុងស្រុកទិញខុនដូមានតែ 20%ប៉ុណ្ណោះ ចំណែកជនបរទេសទិញ 80% តែ10ឆ្នាំក្រោយអ្នកនៅក្នុងស្រុកកើនដល់ 80% រីឯជនបទេសនៅសល់តែ20% ដូច្នេះបន្តិចទៀតក្នុងស្រុកយើងវានឹងវិវឌ្ឍន៍ទៅដូចគ្នា។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Huttons CPL បានបន្តថា ពាក់ព័ន្ធនឹងការទិញលក់ មានអ្នកទិញមួយចំនួនតែងតែចង់ទិញបានរបស់ថោក ព្រោះពេលទិញបានរបស់ថោក គាត់តែងសប្បាយចិត្ដប៉ុន្ដែពួកគាត់នឹងត្រូវខូចចិត្ដវិញនៅពេលដែលប្រើប្រាស់របស់គ្មានគុណភាព។ ជាការពិតរបស់ដែលមានតម្លៃថោកមិនមែនជារបស់ល្អនោះទេ ជាក់ស្ដែងដូចជាក្រុមហ៊ុនរបស់លោកបាននាំយកគម្រោងមួយចំនួនមកលក់តែងតែមានការលើកឡើងថា គម្រោងនោះមានតម្លៃថ្លៃ ប៉ុន្ដែជាក់ស្ដែងក្រុមហ៊ុនរបស់លោកលក់ទទួលបានភាពជោគជ័យ ព្រោះការប្រើប្រាស់របស់ថ្លៃនឹងធ្វើឱ្យអ្នកប្រើប្រាស់សប្បាយចិត្ដនៅពេលប្រើ។
Sino Plaza គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំក្រោមទុនវិនិយោគចំនួន250លានដុល្លារ ដែលរួមមានអគារស្នាក់នៅ សណ្ឋាគារ ការិយាល័យ និងអាផាតមិន។ គម្រោងនេះមានទីតាំងស្ថិតនៅជិតផ្សារបឹងត្របែក ដែលមានអគារធំៗចំនួន4 ដោយអគារនីមួយៗមានកម្ពស់45ជាន់។ គម្រោងនេះសាងសង់ឡើងលើផ្ទៃដី1.3ហិកតា ដោយមានចំណតរថយន្ដអាចចតបានចំនួន1,600 ព្រមទាំងមានបន្ទប់ស្នាក់នៅចំនួន2,400យូនីត។ ជាន់ទី1 ដល់ជាន់ទី5 នឹងត្រូវប្រើប្រាស់ជាហាងលក់ទំនិញម៉ាកល្បីផ្សេងៗដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងផ្សារទំនើប Aeon Mall រួមជាមួយហាងលក់មាស ពេជ្រ ព្រមទាំងមានកន្លែង Spa ដ៏ធំទៀតផង។ ជាន់ទី6 ជាកន្លែងកម្សាន្តដែលមានដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ខារ៉ាអូខេ និងកន្លែងកម្សាន្តដែលមានលក្ខណៈឯកជនទៀតផង។ ចំណែកចាប់ពីជាន់ទី7 គឺជាកន្លែងស្នាក់នៅដែលមានដូចជាសណ្ឋាគារ ខុនដូ និងអាផាតមិន ជាដើម៕
http://www.lareine.news/