MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ទីក្រុង​ភ្នំពេញ ​នឹង​ចាប់​ផ្តើម​ចុង​ឆ្នាំ​នេះ Posted Date : 09-09-2016

ការ​សាងសង់​អគារ​ខ្ពស់​កប់​ពពក​១៣៣​ជាន់ ស្មើ​នឹង​កម្ពស់​ជាង​៥០០​ម៉ែត្រ​គ្រោង​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​នេះ ដោយ​អ្នក​ស្និទ្ធ​នឹង​គម្រោង​នេះ​បាន​និយាយ​ថា ក្រុមហ៊ុន​មាន​ប្រាក់​ក្នុង​ដៃ​រួច​ហើយ ដើម្បី​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ​នេះ​។

គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ ថៃ​ប៊ុនរ៉ុង​ នេះ​មាន​អគារ​ភ្លោះ​កប់​ពពក​ចំនួន​២ កម្ពស់​១៣៣​ជាន់ និង​អគារ​ចំនួន​៤​ទៀត​ នៅ​ជុំវិញ ដែល​មាន​កម្ពស់​៤២​ជាន់​។

លោក​សាស្ត្រាចារ្យ ទួស សាភឿន អគ្គ​លេខាធិការ​រង​គណៈ​ស្ថាបត្យករ​កម្ពុជា ជា​អ្នក​ចូលរួម​គូរ​ប្លង់​គម្រោង​នេះ និង​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​អ្នក​វិនិយោគ​គម្រោង​ដ៏​ធំ​មួយ​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា ៖ «​ទោះ​ជា​ស្ថាន​ភាព​ទីផ្សារ​អចលនទ្រព្យ​មាន​បញ្ហា​ក្នុង​ការ​លក់​ក្តី ប៉ុន្តែ​បញ្ហា​នេះ​មិន​មែន​ជា​ឧបសគ្គ ក្នុង​ការ​ចាប់​ផ្តើម​សាងសង់​គម្រោង​ដែល​មាន​តម្លៃ​២១០០​លាន​ដុល្លារ​នេះ​ទេ​»​។

លោក​បន្ត​ថា​ ៖ «រហូត​មក​ទល់​ពេល​នេះ ការ​ធ្វើ​តេស្ត​ដី​ទាំង​បី​ជំហាន​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​ដី​នៅ​ទីតាំង​នេះ អាច​សាងសង់​អគារ​រហូត​ដល់​កម្ពស់​២០០​ជាន់​»​។

អគារ​ពាណិជ្ជកម្ម​ ថៃ​ ប៊ុន​រ៉ុង គ្រោង​​នឹង​សាង​សង់​លើ​ផ្ទៃ​ដី​៤,៩៧​ហិកតា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​អគារ​ណាហ្គា​វើល នា​បច្ចុប្បន្ន​នេះ​។

ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd., ត្រូវ​បាន​ចាត់​តាំង​ជា​អ្នក​គ្រប់​គ្រង​សំណង់​សម្រាប់​គម្រោង​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នេះ ដែល​ជា​ការ​សហការ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group​។

លោក​សាស្ត្រាចារ្យ ទួស សាភឿន បាន​បន្ត​ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​នេះ នឹង​រួម​បញ្ចូល​នូវ​ផ្សារ​ទំនើប ការិយាល័យ ខុនដូ អាផាតមិន សណ្ឋាគារ​លំដាប់​ផ្កាយ​៥ និង​ផ្កាយ​៦ ភោជនីយដ្ឋាន​សម្រាប់​អភិជន​លំដាប់​ខ្ពស់​ជា​ដើម​។

លោក​បន្ត​ថា អ្នក​វិនិយោគ​ក្នុង​គម្រោង​នេះ គ្រោង​ចំណាយ​ប្រាក់​ ៣០០០ ​លាន​ដុល្លារ បន្ថែម​លើ​ទឹក​ប្រាក់​ ២១០០​ លាន​ដុល្លារ ដែល​ជា​តម្លៃ​ដើម​នៃ​សំណង់​សម្រាប់​ធ្វើ​យ៉ាង​ណា​ឲ្យ​អគារ​នេះ​អាច​ដំណើរ​ការ​បាន​ដោយ​ជោគជ័យ ព្រោះ​ការ​សាង​សង់​ចប់​របស់​អគារ​នេះ មិន​កំណត់​ថា​ជា​ភាគ​ជោគជ័យ​ទេ ភាព​ជោគ​ជ័យ​របស់​អគារ​នេះ គឺ​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ប្រើប្រាស់​អគារ​នេះ​មាន​កម្រិត​ណា​។

លោក​បន្ត​ថា​ ៖ «​គម្រោង​នេះ​ប្រាកដ​ជា​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​គម្រោង​ខ្នាត​យក្ស​បែប​នេះ​មិន​ទាន់​មាន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ ហើយ​ក្រុមហ៊ុន​យក្ស​ធំៗ​ក៏​មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ ប៉ុន្តែ​ពេល​គម្រោង​នេះ​សាងសង់​ចប់ ក្រុមហ៊ុន​យក្ស​ធំៗ ពួក​គេ​នឹង​ដាក់​ការិយាល័យ និង​ស្នាក់​នៅ​ទី​នេះ​»​។

លោក​បន្ត​ថា​ ៖ «​អគារ​នេះ​នឹង​មាន​សក្តានុពល​សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ​និង​ក្រុមហ៊ុន​ធំៗ​មក​កាន់​ទី​នេះ​»​។

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពេល​សម្ពោធ​អគារ​តាំង​ពិព័រណ៍​គម្រោង​នេះ ដែល​ស្ថិត​នៅ​ទល់​មុខ​ស្ថាន​ទូត​ចិន នា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា​ ៖ «​សម្តេច​តេជោ ហ៊ុន សែន បាន​គាំទ្រ​ចំពោះ​ការ​សាងសង់​គម្រោង​នេះ​»​។

លោក​បាន​លើក​ឡើង​ស្រដៀង​គ្នា​ទៅ​នឹង​សាស្ត្រាចារ្យ ទួស សាភឿន ថា ការ​សាង​សង់​គម្រោង​នេះ​ចប់​មិន​គ្រប់គ្រាន់​នោះ​ទេ គឺ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ឲ្យ​អគារ​នេះ​អាច​ដំណើរការ និង​មាន​សកម្ម​ភាព​រស់​រវើក​។

អ្នក​នាង អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ទំហំ​អគារ​នេះ ពិត​ជា​ធំ​សម្រាប់​បរិបទ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន ប៉ុន្តែ​វា​មិន​ធំ​ទេ​សម្រាប់​ពេល​អនាគត ដូច្នេះ​ការ​សាង​សង់​ចប់​របស់​អគារ​នេះ មិន​មែន​ជា​ការ​កំណត់​ភាព​ជោគជ័យ​របស់​គម្រោង​នេះ​នោះ​ទេ​។ ភាព​ជោគជ័យ​របស់​គម្រោង​នេះ អាស្រ័យ​លើ​ទំហំ​នៃ​ការ​ប្រើ​ប្រាស់​របស់​គម្រោង​នេះ​។

អ្នក​នាង​បន្ត​ថា​ ៖ «​ប្រសិន​ជា​អ្នក​វិនិយោគ​មាន​ប្រាក់​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​​អ្នក​វិនិយោគ​លើ​គម្រោង​នេះ ជា​ការ​ល្អ​ប្រសើរ ហើយ​បើ​អគារ​នេះ​មាន​អត្រា​ប្រើ​ប្រាស់​ពី​៦០ ​ទៅ​៧០​ភាគរយ គឺ​អាច​ទទួល​យក​បាន​ហើយ​»​។

នៅ​ពេល​សួរ​ថា តើ​ការ​លក់​គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​? លោក​សាស្ត្រាចារ្យ ទួស សាភឿន បាន​ថ្លែងថា​ ៖ «​យើង​មិន​ទាន់​គិត​ដល់​ការ​លក់​នោះ​ទេ គឺ​បាន​និង​កំពុង​ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគ​ជ័យ​»​។

ដើម្បី​ឲ្យ​ប្រាកដ​ថា គម្រោង​សំណង់​ដ៏​ធំ​ខ្ពស់​ដាច់​គេ​នៅ​កម្ពុជា​នេះ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ និង​ទាក់ទាញ​នោះ​លោក ទួស សាភឿន បាន​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​ផ្នែក​ផ្សេងៗ​ដែលជា​គ្រឿង​លម្អ​ដល់​សំណង់​ដ៏​ធំ​មួយ​នេះ ដូច​ជា ការ​រៀបចំ​ពង្រីក​ផ្លូវ​នៅ​ជុំវិញ​បរិវេណ​នោះ​ឲ្យ​បាន​ធំ​ទូលាយ និង​រៀបចំ​សួន​ច្បារ​សម្តេច ហ៊ុន សែន ឲ្យ​ស្អាត​ស័ក្តិ​សម​នឹង​ឈ្មោះ​ជា ដើម​»​។

លោក​បន្ថែម​ថា​ ៖ «​ជា​រួម គឺ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​បរិវេណ​នៅ​តំបន់​ជាប់​ជុំវិញ​នៃ​គម្រោង​នេះ​ល្អ​ស្អាត ប្រៀប​បី​ដូច​ទៅ​នឹង​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​វា​ស័ក្តិ​សម​ទៅ​នឹង​គុណ​តម្លៃ​កេរ្តិ៍​ឈ្មោះ​របស់​អគារ​ពាណិជ្ជកម្ម​ថៃ​ប៊ុន​រ៉ុង ដ៏​ខ្ពស់ និង​ល្អ​ដាច់​គេ​មួយ​នេះ​»​។

លោក Alexander Evengroen នាយក​ប្រតិបត្តិ​របស់ Key Real Estate Ltd., និង​ប្រធាន​ទីប្រឹក្សា​នៅ CVEA បាន​ឲ្យ​ដឹង​ថា រាល់​ក្រដាស​ស្នាម​ត្រូវ​បាន​រៀបចំ​រួច​រាល់​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​គម្រោង​មួយ​ដែល​ត្រឹម​ត្រូវ​ដោយ​ទំហំ​របស់​វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ​។

លោក​បាន​ឲ្យ​ដឹង​ថា​ ៖ «​គ្រប់​គម្រោង​អាច​ទទួល​បាន​ជោគជ័យ​ឲ្យ​តែ​គម្រោង​នោះ​ត្រូវ​បាន​រៀបចំ​រួច​រាល់​។ គម្រោង​ជាច្រើន​កំពុង​តែ​បន្ថយ​ល្បឿន ប៉ុន្តែ​គម្រោង​ជាច្រើន​ទៀត​ក៏​កំពុង​តែ​ដើរ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​ដែរ​។ ប្រសិន​បើ​អ្វីៗ​ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ នោះ​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ​។ លុះត្រា​ដល់​ពេល​ខាង​មុខ ទើប​យើង​អាច​ដឹង​បាន​»​។

លោក​បាន​បន្ត​ថា​ ៖ «​ខ្ញុំ​នៅ​តែ​មើល​ឃើញ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ន័យ​វិជ្ជ​មាន ប៉ុន្តែ​ក៏​ស្វែងរក​ភាព​វិជ្ជមាន​នៅ​ក្នុង​គម្រោង​ភាគ​ច្រើន​ទៀត​ផង​ដែរ​»៕

 

http://www.postkhmer.com/