នៅរសៀលថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទី នៅក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង ស្តីពី “ការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់” ដែលដឹកនាំដោយ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងគណៈស្ថាបត្យករកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមឯកជនក្នុង វិស័យសំណង់ និងអចលនទ្រព្យ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ កិច្ចប្រជុំនេះក្នុងគោលបំណងក្នុងការបង្ហាញអំពីភាពប៉ះពាល់ដល់សុខមាលភាព ក្នុងការប្រើប្រាស់ សារធាតុអាបេស្តុស (Asbestos) និងកិច្ចពិភាក្សាអំពីការកំណត់បទបញ្ញត្តិ ច្បាប់ក្នុងការប្រើសប្រាស់សម្ភារៈនានាដែលសារធាតុនេះ។
សារធាតុអាបេស្តូស (Asbestos) ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងឧស្សាហកម្មសំណង់អស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែលក្ខណៈពិសេសរបស់វា ភាពធន់នឹងភ្លើង ភាពធន់ក្នុងការប្រើប្រាស់ និងតម្លៃសមរម្យ។ លក្ខណៈទាំងនេះ បានធ្វើឱ្យសារ ធាតុអាបេស្ត្រេស បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ សម្ភារៈ ដំបូល សម្ភារៈអ៊ីសូឡង់ និងជញ្ជាំង។ ទោះជាយ៉ាងណាក៏ដោយ ការ ប្រើប្រាស់សារធាតុអាបស្តូសបានបង្កើនការព្រួយបារម្ភចំពោះសុខភាពយ៉ាងខ្លាំង ដោយសារសារធាតុអាបេស្តូស(ASBESTOS) អាចបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ មហារីកសួត និងមេសូទីលីអូម៉ា។ គួរបញ្ជាក់ផងដែរថា កម្ពុជាបាននាំចូលសារធាតុអាបេស្តូស (ASBESTOS) និងផលិតផលផ្ទុកសារធាតុអាបេស្តូសប្រមាណ ៣ ២៥៣តោន ឆ្នាំ២០២៣ មានការថយចុះបើធៀបនឹងឆ្នាំ ២០២២ ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និង យោគយល់គ្នា។