MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
រដ្ឋាភិបាល​ព្រួយបារម្ភ​ការ​កើន​នៃ​ឥណទានលើ​វិស័យ​ធនាគារ Posted Date : 25-02-2016
ភ្នំពេញ៖(ខ្មែរថាមស៍)ស្រប នឹងកំណើនយ៉ាងឆាប់រហ័សនៃឥណទានលើវិស័យធនាគារនិងគ្រឹះស្ថាន ហិរញ្ញវត្ថុទូទាំងប្រទេសរដ្ឋាភិបាលបានដាក់ការព្រួយបារម្ភទៅលើការ កើនឡើងនៃឥណទាននេះខណៈឥណទានកើនឡើងជាង៨០ភាគរយបើធៀបនឹងផលិតផល ក្នុងស្រុកសរុប ហើយរដ្ឋាភិបាល កំពុងតែស្វះស្វែងរកមធ្យោបាយក្នុងការបន្ធូរបន្ថយនៃកំណើនក្នុង វិស័យនេះ។ បើយោងតាមការអះអាងកាលពីម្សិលមិញ ពីមន្ត្រីជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងវេទិកាសាធារណៈកាលពីម្សិលមិញថា កំណើនឥណទានកើនឡើងលឿនបើធៀបនឹងប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកាលពីឆ្នាំមុនដែលវាអាចនឹងស្នើ ១០០ ភាគរយ ទៅនឹងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) នៅក្នុងប្រទេស ខណៈវាជាបញ្ហាធំ និងអាចបង្កើតនូវហានិភ័យ ឬអាចឈានដល់អតិផរណា។ លោកថា៖ «ដើម្បីបំពេញនូវតម្រូវការឥណទានដែលកើនលឿនរហ័សនេះ ធនាគារក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុគួរតែប្រើប្រាស់នូវទ្រព្យសកម្ម របស់ខ្លួន ឬស្វែងរកប្រភពទុនមកពីខាងក្រៅដើម្បីផ្ដល់កម្ចីដល់អតិថិជន មិនតែប៉ុណ្ណោះយើងកំពុងតែពិភាក្សាស្វែងរកវិធានការណាមួយនៅក្នុង វិស័យហិរញ្ញវត្ថុនេះដោយដាក់កំហិតឲ្យមានកម្ចីទាបជាងមុន ឬក៏ដាក់កំហិតលើកម្ចីនៃវិស័យដែលងាយផុយស្រួយណាមួយដូចជាវិស័យ អចលនទ្រព្យដែលវិស័យនេះរសើប និងងាយស្រួលរងគ្រោះ»។
 
លោក បានបន្ថែមថាកម្ចីទៅលើពាណិជ្ជកម្មនិងវិស័យហិរញ្ញវត្ថុគឺល្អ។ លោកថា ធនាគារមួយចំនួនក៏បានបញ្ឈប់នូវកម្ចីផ្នែកអចលនទ្រព្យហើយផងដែរ ដើម្បីទប់ស្កាត់ពីវិបត្តិ។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីចុងខែមករា បានឲ្យដឹងថា ឥណទានមានកំណើនខ្លាំងនៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសប្រមាណ២៨ភាគរយ កាលពីឆ្នាំមុន ខណៈប្រាក់បញ្ញើកើនតែ១៨,៩ភាគរយ។ ឥណទានកើនប្រមាណ៦១,៦២ទ្រីលានរៀល (ប្រមាណ១៥ប៊ីលានដុល្លារអាមេរិក) ខណៈប្រាក់បញ្ញើកើនប្រមាណ៥១,៦១ទ្រីលានរៀល (ប្រមាណ១២,៦លានដុល្លារអាមេរិក)។
 
របាយការណ៍ ប្រចាំឆ្នាំ២០១៥ របស់ធនាគារជាតិ បានឲ្យដឹងថា កំណើនឥណទានត្រូវបានបែងចែកទៅតាមវិស័យសំខាន់ៗរួមមានការជួញដូររាយ ១៧,៣ភាគរយ កសិកម្ម១៦,៥ភាគរយ ការជួញដូរដុំ១៤,១ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋាន៧,២ភាគរយ ការឲ្យខ្ចីជាឯកបុគ្គល៧ភាគរយ សេវាកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗទៀត៦,៩ភាគរយ កម្មន្តសាល៦,៣ភាគរយ ការឲ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន៥,៩ភាគរយ សំណង់៥ភាគរយ ការជួញដូរអចលនទ្រព្យ៤,៥ភាគរយ ឥណទានផ្សេងៗ២,១ភាគរយ គ្រឹះស្ថានហិរញ្ញវត្ថុ១,៨ភាគរយ បណ្ដាញព័ត៌មាន និងទូរគមនាគមន៍០,៨ភាគរយ ការផ្គត់ផ្គង់សេវាសាធារណៈ០,៧ភាគរយ។
 
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យប្រាប់កាសែតខ្មែរថាមស៍កន្លងមកថា លោកមានការព្រួយបារម្ភទៅនឹងកំណើននៃឥណទាន ដោយលោកនិយាយថា វាលើសប្រាក់បញ្ញើដែលមានដល់ទៅ២០ភាគរយ ដូច្នេះវាបង្ហាញថា តម្រូវការឥណទានលើប្រាក់បញ្ញើមានច្រើន ដូច្នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងវិស័យធនាគារត្រូវតែធ្វើយោធូបនីយកម្មធនធានហិរញ្ញវត្ថុ បើអាចទៅរួចគឺប្រភពពីបរទេស ដើម្បីបំពេញតម្រូវការឥណទាន។ លោកថា បើសិនជាឥណទានត្រូវបានប្រើប្រាស់សម្រាប់ការវិនិយោគលើវិស័យជំនួញ គឺល្អខណៈពេលដែលវាបង្កើតការងារ និងចូលរួមការអភិវឌ្ឍ និងពង្រីកទំហំសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង។
 
លោក ចន្ធី បាននិយាយថា៖ «រដ្ឋាភិបាល ជាពិសេសធនាគារជាតិ គួរតែបន្តត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើដំណើរការគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីប្រាកដថា ឥណទានថ្មីនឹងចូលទៅក្នុងវិស័យផលិតកម្ម ដោយទប់ស្កាត់ឥណទានទៅលើវិស័យសំណង់ និងអចលនទ្រព្យ និងគ្រប់គ្រង និងត្រួតពិនិត្យលើលំហូរទុន»។ លោក ប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយថា កំណើននៃឥណទានគឺល្អពីព្រោះវាឆ្លើយតបទៅនឹងតម្រូវការនៃអ្នក ត្រូវការខណៈអ្នកមានតម្រូវការផ្នែកហិរញ្ញវត្ថុក៏កើនឡើងដែរ ដូច្នេះឥណទានគឺមានគោលបំណងផ្ដល់ និងបង្កើតការងារសម្រាប់ប្រជាជនខណៈកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍។
 
លោក ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្រនៅក្នុងប្រទេស។ ស្រដៀងគ្នានេះដែរលោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ប្រាប់កាសែតខ្មែរថាមស៍ថា លោកស្រីស្វាគមន៍ចំពោះកំណើននៃឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខណៈវាអាចជួយបំពេញតម្រូវការរបស់ ប្រជាជនកម្ពុជា ដោយភាគច្រើនប្រជាជននឹងងាកមករកកម្ចីក្នុងប្រព័ន្ធវិញ។ លោកស្រី ផនណារី បន្ថែមថា ធនាគារអេស៊ីលីដា មានភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការផ្ដល់កម្ចីដល់អតិថិជនដរាបណា ពួកគេអាចបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់កម្ចីបាន ត្រឹមត្រូវទើបធនាគារផ្ដល់ឲ្យ។
 
លោក ស្រីបន្តថា អេស៊ីលីដា បានកំណត់តែ៧ភាគរយ នៃឥណទានសរុបសម្រាប់វិស័យអចលនទ្រព្យដែលរហូតមកទល់ពេលនេះឥណទានលើ អចលនទ្រព្យមានប្រមាណ១៩០លានដុល្លារអាមេរិក។ អ្នកស្រី ផនណារី បានឲ្យដឹងថា កំណើននៃប្រាក់កម្ចីរបស់ធនាគារ អេស៊ីលីដា កើនបាន២៣ភាគរយ ចំណែកឯការដាក់ប្រាក់បញ្ញើក្នុងធនាគារបានកើនឡើង១៨.៧៩ ភាគរយ កាលពីឆ្នាំទៅ។ ប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនធុនតូច និងមធ្យម បាននាំមុខគេក្នុងការផ្ដល់ប្រាក់កម្ចីរបស់ធនាគាររបស់អ្នកស្រី។ អ្នកស្រីបានបន្តថា ធនាគារអេស៊ីលីដា តែមួយអាចផ្ដល់ប្រាក់កម្ចីប្រហែល២,៤លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែ ចុងក្រោយកាលពីឆ្នាំទៅ។
 
លោកស្រី ផនណារី បន្ថែមថា៖ «វិស័យធនាគារនៅតែបង្ហាញពីកំណើន ទោះជាសេដ្ឋកិច្ចត្រូវបានគេប្រមើលថា នឹងមានកំណើនប្រហែល៧ភាគរយ។ប្រាក់កម្ចីនៅតែជាសេចក្ដីត្រូវការ ចាំបាច់ នៅក្នុងវិស័យកសិកម្ម ផលិតផលកសិកម្មកែច្នៃ ការនាំចេញ SME និងវិស័យសំណង់។ ធនាគារ ACLEDA មានគម្រោងធ្វើឲ្យមានកំណើនពី២៣ ទៅ២៤ភាគរយ ក្នុងឆ្នាំនេះ»។ លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ក្នុងសន្និបាតប្រចាំឆ្នាំថា វិស័យធនាគារមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងកាន់តែមានភាពប្រទាក់ក្រឡា និងសមាហរណកម្មខ្ពស់ ធនាគារជាតិនៃកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីធានាបានថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ និងប្រព័ន្ធធនាគារទាំងមូលមានសុខភាពល្អ និងមានភាពរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ច ជាតិ។
 
លោកស្រី ថា៖ «ជាលទ្ធផលប្រព័ន្ធធនាគារកម្ពុជា មានសុខភាពល្អ និងរឹងមាំ ដោយអនុបាតសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានកម្រិតប្រមាណ៧៧ភាគរយ និង១៥៥ភាគរយ (ខ្ពស់ជាងកម្រិតអប្បបរមា៥០ភាគរយ) ហើយអនុបាតសោធនភាពរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានកម្រិតប្រមាណ២៣ភាគរយ និង២០ភាគរយ រៀងគ្នា (ខ្ពស់ជាងកម្រិតអប្បបរមា១៥ភាគរយ)។ រីឯអនុបាតឥណទានមិនដំណើរការមានកម្រិតទាបប្រមាណ២,៣ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង០,៧ភាគរយ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
 
បើ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជ៣៦ ធនាគារឯកទេស១១ ការិយាល័យតំណាងធនាគារបរទេស៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៥៨ (ក្នុងនោះគ្រឹះស្ថាន៨ អនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជន) ប្រតិបត្តិករឥណទានជនបទ១០៤ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ៩ ក្រុមហ៊ុនក្រឌិតប្យូរ៉ូ១ អ្នកដំណើរការតតិយភាគី៥ និងអាជីវករប្ដូរប្រាក់២០១០ (អាជ្ញាប័ណ្ណ៧៧ និងលិខិតអនុញ្ញាត១៩៣៣)៕ 
 

http://www.khmertimeskh.com/