ជាមួយគ្នានេះដែរ តាមអ្វីដែលជាចក្ខុវិស័យរបស់លោកឧកញ៉ា លី ហួរ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា នឹងបន្តពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែទៀត ពិសេសគឺការសាងសង់លំនៅដ្ឋានដែលមានគុណភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ។ ក្នុងនោះ សមាគមនឹងផ្ដោតសំខាន់លើអតិថិជនដែលជាអ្នកមានចំណូលមធ្យម និងក្រោមមធ្យម ស្របពេលដែលក្នុង១ឆ្នាំៗ តម្រូវការលំនៅដ្ឋាននៅកម្ពុជាមានប្រមាណ ២៥០០០ខ្នង ទៅ ៣០០០០ខ្នង។ ដូច្នេះ សមាគមនឹងបន្តអភិវឌ្ឍន៍លំនៅដ្ឋានទាំងឡាយដែលអតិថិជនមានតម្រូវការ ពិសេស ដើរស្របទៅតាមទីផ្សារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន ៧ ដែលកំពុងតែប្រតិបត្តិការអាជីវកម្មយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង៧នោះ មានដូចជា ក្រុមហ៊ុន លី ហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុន ទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ)។
បើតាមការបង្ហើបពីលោកឧកញ៉ា លី ហួរ នៅរយៈពេលខាងមុខដ៏ខ្លីនេះ លោកឧកញ៉ាក៏គ្រោងនឹងបើកគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ទៀត តែលោកឧកញ៉ា មិនទាន់បង្ហាញថាជាគម្រោងអ្វីនៅឡើយទេ ដោយសុំលាក់ទុកសិន។ លើសពីនេះ លោកឧកញ៉ាក៏ត្រៀមនឹងបើកក្រុមហ៊ុនថ្មីៗមួយចំនួនទៀតផងដែរ៕