MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
រដ្ឋាភិបាល​មាន​​គម្រោង​សង់​ព្រលាន​យន្តហោះ​​ថ្មី​នៅ​ក្បែរ​ភ្នំពេញ Posted Date : 22-06-2016
ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ប្រកាស​​សម្រេច​រក្សា​តំបន់​សន្តិសុខ​​ និង​សុវត្ថិភាព​ជុំវិញ​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​មាន​វិវាទ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ដដែល​សិន​ដោយ​ពុំ​មាន​ការ​ពង្រីក​ព្រលាន​យន្តហោះ​នោះ​ទេ​ខណៈ​​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​​រៀប​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​មួយ​ទៀត​ដែល​មាន​ចម្ងាយ​ពី​ ៣០ ទៅ​ ៤០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។
 
ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រោយ​ពី​ពលរដ្ឋ​ប្រមាណ​ ៦០០​​ គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន ​៥ ក្បែរ​របង​ព្រលាន​​យន្តហោះ​បាន​នាំ​គ្នា​តវ៉ា និង​​ដាក់​ញត្តិ​សុំ​កិច្ចអន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​អស់​ពេល​ជិត​ ៤ ឆ្នាំ​ដើម្បី​ឲ្យ​ជួយ​​រក​​ដំណោះស្រាយ​លើ​​ផលប៉ះពាល់​ផ្ទះ​សំបែង និង​មុខរបរ​ពួកគាត់​ដោយសារ​​​​​​គម្រោង​​ពង្រីក​ព្រលាន​យន្តហោះ​នោះ​។
 
ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​​​ការ​សម្រេច​​របស់​រាជរដ្ឋាភិបាល​ស្តីពី​សំណង់​អគារ ផ្ទះ​សំបែង​ស្ថិត​ក្នុង​តំបន់​​សន្តិសុខ និង​តំបន់​សុវត្ថិភាព​ជុំវិញ​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ លោក​ទេស​រដ្ឋមន្ត្រី យឹម ណុលឡា ប្រធាន​​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បាន​ថ្លែង​ថា​រាជរដ្ឋាភិបាល​បាន​សម្រេច​រក្សា​តំបន់​នេះ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ដដែល​សិន និង​​ពុំ​មាន​ការ​ពង្រីក​បរិវេណ​បន្ថែម​ទេ។
 
លោក​បញ្ជាក់​ថា៖ «​អត់​ពង្រីក​ [ព្រលាន​យន្តហោះ] ទេ​អ៊ីចឹង​​​បងប្អូន​ពលរដ្ឋ​អត់​មាន​បញ្ហា​ទេ​សូម​​កុំ​បារម្ភ​អី»។ បើ​តាម​លោក ណុលឡា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​បច្ចុប្បន្ន​មិន​អាច​ពង្រីក​បាន​ទេ​ដោយ​សារ​​ទីតាំង​មាន​ភាព​​តូច​ចង្អៀត និង​​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​​នោះ។
 
លោក​ថា ​រាជរដ្ឋាភិបាល​នឹង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​មួយ​ទៀត​ដែល​មាន​ចម្ងាយ​ប្រមាណ ពី​ ៣០ ទៅ​ ៤០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ដោយ​​​សង់​ស្រប​តាម​ស្តង់ដារ​អាកាសចរណ៍​​អន្តរជាតិ​។ ប៉ុន្តែ​លោក​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​ពី​ទីតាំង​សម្រាប់​សង់​ព្រលាន​យន្តហោះ​ថ្មី​នោះ​។
 
លោក​ថ្លែង​ថា៖ ​«រាជ​រដ្ឋាភិបាល​​នឹង​សង់​ព្រលាន​យន្តហោះ​ថ្មី​តែ​សង់​នៅ​ណា​ខ្ញុំ​អត់​ដឹង​ដែរ​បើ​ដឹង​ប្រជាពលរដ្ឋ​នឹង​នាំ​គ្នា​ទៅ​ទិញ​ដី​សង់​លែង​បាន​ឥឡូវ​ហ្នឹង​យើង​​បារម្ភ​រឿង​នេះ​ដែរ...តែ​អ្វី​ដែល​យើង​បម្រុង​ធ្វើ​នេះ​គឺ​ដើម្បី​គោរព​តាម​ស្តង់ដារ​ច្បាប់​​អាកាសចរណ៍​អន្តរជាតិ​ដែល​គេ​តម្រូវ​ឲ្យ​យើង​ធ្វើ​បែប​នេះ​បែប​នោះ។ បើ​យើង​មិន​ធ្វើ​ទេ​គេ​នឹង​ទុក​យើង​ក្នុង​បញ្ជី​ខ្មៅ​អ៊ីចឹង​ហើយ​​យើង​ត្រូវ​ធ្វើ​ព្រលាន​យន្តហោះ​តាម​ស្តង់ដារ​អន្តរជាតិ​ដែល​គេ​ស្នើសុំ»។
 
តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ថ្ម​គោល​អ្នកស្រី​ ភួង សុភាព ​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ​តែ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ និង​ជួយ​ផ្តល់​ជា​សំណង​លើ​ការ​ខាតបង់​ពេលវេលា មុខរបរ និង​ការ​​រង​ទុក្ខ​លំបាក​ដោយសារ​ការ​បង្កក​ដី​របស់​ពួកគាត់​មិន​ឲ្យ​មាន​ការ​ទិញ​ដូរ​អស់​រយៈពេល​ជិត​ ៤ ​ឆ្នាំ​មក​នេះ។
 
អ្នកស្រី​ថា៖ «​ជា​ចម្បង​នេះ​គឺ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​កុំ​ឲ្យ​ពលរដ្ឋ​នៅ​ភិតភ័យ​ព្រោះ​ពាក្យ​ថា​ទុក​សិន​នេះ​គឺ​គ្រោះថ្នាក់​ណាស់​​សម្រាប់​​ពលរដ្ឋ​»។
 
ក្រៅពី​នោះ​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត​​បាន​ស្នើសុំ​អាជ្ញាធរ​ធ្វើ​បទ​បង្ហាញ​​​​​ស្តីពី​កម្ពស់​សំណង់​ដែល​ពួកគាត់​អាច​សាងសង់​​បាន ឬ​ជួសជុល​ផ្ទះ​សំបែង​ ផ្អាក​ការ​បង់ពន្ធ​ដី​នៅ​តំបន់​នោះ​រហូត​​ដល់​ឆ្នាំ​​ ២០១៧ ដោយសារ​រដ្ឋាភិបាល​បាន​បង្កក​​ដី​នោះ​ហើយ​សុំ​ឲ្យ​អាជ្ញាធរ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ស្នើ​ឲ្យ​ពួកគាត់​អាច​មាន​សិទ្ធិ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី និង​ផ្ទះ​ជាដើម។
 
អនុរដ្ឋ​លេខាធិការ​អាកាសចរណ៍​ស៊ីវិល​លោក សយ សុខាន់ បាន​លើក​ឡើង​ថា​រាជរដ្ឋាភិបាល​បាន​សម្រេច​ទុក​តំបន់​សុវត្ថិភាព​ និង​សន្តិសុខ​ព្រលាន​យន្តហោះ​ឲ្យ​នៅ​ស្ថានភាព​ដដែល​ដូច្នេះ​ពលរដ្ឋ​អាច​​រៀបចំ ឬ​ជួសជុល​​លំនៅឋាន​បាន​តែ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ និង​គោរព​​តាម​ស្តង់ដារ​កម្ពស់​ដែល​ជា​ឧបសគ្គ​នៃ​ការ​ចុះ​ចត​របស់​យន្តហោះ។​
 
ចំពោះ​​ការ​​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ និង​ការ​ផ្ទេរ​កម្មសិទ្ធិ​លោក​បញ្ជាក់​ថា​ក្រោយ​សេចក្តី​ប្រកាស​នេះ​អាជ្ញាធរ​ដែនដី​ និង​ក្រសួង​ពាក់ព័ន្ធ​នឹង​ប្រជុំ​លើ​បញ្ហា​នេះ​ដើម្បី​ពិភាក្សា​​​ដោះស្រាយ​​លើ​ការ​សំណូមពរ​របស់​ពលរដ្ឋ​ និង​រៀបចំ​សហគមន៍​របស់​ពួកគាត់​។
 
លោក​បន្ថែម​​ថា៖ «រដ្ឋាភិបាល​កំពុង​តែ​​​​មាន​ផែនការ​​យក​ព្រលាន​យន្តហោះ​នេះ​ចេញ​ទៅ​ក្រៅ​មិន​មែន​មាន​ន័យ​ថា​លើក​ពោធិ៍ចិនតុង​ទៅ​ក្រៅ​ទេ​គឺ​ទៅ​រក​ទីតាំង​ថ្មី​ទៀត​ដើម្បី​អភិវឌ្ឍ​ព្រោះ​ថា​សព្វ​ថ្ងៃ​នេះ​ទេសចរណ៍​មាន​កំណើន​ទៅ​​មុខ​ហើយ​ព្រលាន​យន្តហោះ​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​ ២០១៤​ និង​​ ២០១៥ នេះ​មាន​​​ភ្ញៀវ​មក​ជិត​ ៤ លាន​នាក់​ហើយ​ចំណុះ​ព្រលាន​សព្វ​ថ្ងៃ​នេះ​ទទួល​បាន​តែ ៥ លាន​នាក់​ទេ​អ៊ីចឹង​រដ្ឋាភិបាល​ត្រូវ​រួសរាន់​រក​ទីតាំង​ថ្មី»​។
 
ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ បាន​សាទរ​ចំពោះ​ការ​សម្រេច​​របស់​រដ្ឋាភិបាល​នេះ​ដែល​ជា​ការ​បញ្ជាក់​ទៅ​លើ​ការ​​សន្យា​ដែល​​ថា​រដ្ឋាភិបាល​នឹង​មិន​ធ្វើការ​អភិវឌ្ឍ​​​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ហើយ​លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ដើម្បី​បញ្ចប់​កង្វល់​របស់​ពួកគាត់៕