ការសាងសង់អគារខ្ពស់កប់ពពក១៣៣ជាន់ ស្មើនឹងកម្ពស់ជាង៥០០ម៉ែត្រគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ដោយអ្នកស្និទ្ធនឹងគម្រោងនេះបាននិយាយថា ក្រុមហ៊ុនមានប្រាក់ក្នុងដៃរួចហើយ ដើម្បីវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅរាជធានីភ្នំពេញនេះ។
គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង នេះមានអគារភ្លោះកប់ពពកចំនួន២ កម្ពស់១៣៣ជាន់ និងអគារចំនួន៤ទៀត នៅជុំវិញ ដែលមានកម្ពស់៤២ជាន់។
លោកសាស្ត្រាចារ្យ ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា ជាអ្នកចូលរួមគូរប្លង់គម្រោងនេះ និងធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគគម្រោងដ៏ធំមួយនេះបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ៖ «ទោះជាស្ថានភាពទីផ្សារអចលនទ្រព្យមានបញ្ហាក្នុងការលក់ក្តី ប៉ុន្តែបញ្ហានេះមិនមែនជាឧបសគ្គ ក្នុងការចាប់ផ្តើមសាងសង់គម្រោងដែលមានតម្លៃ២១០០លានដុល្លារនេះទេ»។
លោកបន្តថា ៖ «រហូតមកទល់ពេលនេះ ការធ្វើតេស្តដីទាំងបីជំហានបានបញ្ចប់ជាស្ថាពរហើយ ដោយដីនៅទីតាំងនេះ អាចសាងសង់អគាររហូតដល់កម្ពស់២០០ជាន់»។
អគារពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង គ្រោងនឹងសាងសង់លើផ្ទៃដី៤,៩៧ហិកតា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានទីតាំងនៅទល់មុខអគារណាហ្គាវើល នាបច្ចុប្បន្ននេះ។
ក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd., ត្រូវបានចាត់តាំងជាអ្នកគ្រប់គ្រងសំណង់សម្រាប់គម្រោងដែលគ្រោងនឹងចាប់ផ្តើមនេះ ដែលជាការសហការរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។
លោកសាស្ត្រាចារ្យ ទួស សាភឿន បានបន្តថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវផ្សារទំនើប ការិយាល័យ ខុនដូ អាផាតមិន សណ្ឋាគារលំដាប់ផ្កាយ៥ និងផ្កាយ៦ ភោជនីយដ្ឋានសម្រាប់អភិជនលំដាប់ខ្ពស់ជាដើម។
លោកបន្តថា អ្នកវិនិយោគក្នុងគម្រោងនេះ គ្រោងចំណាយប្រាក់ ៣០០០ លានដុល្លារ បន្ថែមលើទឹកប្រាក់ ២១០០ លានដុល្លារ ដែលជាតម្លៃដើមនៃសំណង់សម្រាប់ធ្វើយ៉ាងណាឲ្យអគារនេះអាចដំណើរការបានដោយជោគជ័យ ព្រោះការសាងសង់ចប់របស់អគារនេះ មិនកំណត់ថាជាភាគជោគជ័យទេ ភាពជោគជ័យរបស់អគារនេះ គឺអាស្រ័យលើកម្រិតនៃការប្រើប្រាស់អគារនេះមានកម្រិតណា។
លោកបន្តថា ៖ «គម្រោងនេះប្រាកដជានឹងទទួលបានជោគជ័យ ព្រោះគម្រោងខ្នាតយក្សបែបនេះមិនទាន់មាននៅកម្ពុជានៅឡើយទេ ហើយក្រុមហ៊ុនយក្សធំៗក៏មិនទាន់បង្ហាញខ្លួននៅកម្ពុជា ប៉ុន្តែពេលគម្រោងនេះសាងសង់ចប់ ក្រុមហ៊ុនយក្សធំៗ ពួកគេនឹងដាក់ការិយាល័យ និងស្នាក់នៅទីនេះ»។
លោកបន្តថា ៖ «អគារនេះនឹងមានសក្តានុពលសម្រាប់ទាក់ទាញអ្នកវិនិយោគនិងក្រុមហ៊ុនធំៗមកកាន់ទីនេះ»។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងពេលសម្ពោធអគារតាំងពិព័រណ៍គម្រោងនេះ ដែលស្ថិតនៅទល់មុខស្ថានទូតចិន នារាជធានីភ្នំពេញ បានថ្លែងថា ៖ «សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះការសាងសង់គម្រោងនេះ»។
លោកបានលើកឡើងស្រដៀងគ្នាទៅនឹងសាស្ត្រាចារ្យ ទួស សាភឿន ថា ការសាងសង់គម្រោងនេះចប់មិនគ្រប់គ្រាន់នោះទេ គឺក្រុមហ៊ុនត្រូវចំណាយប្រាក់ជាច្រើនពាន់លានដុល្លារបន្ថែមទៀត ដើម្បីឲ្យអគារនេះអាចដំណើរការ និងមានសកម្មភាពរស់រវើក។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ទំហំអគារនេះ ពិតជាធំសម្រាប់បរិបទទីផ្សារកម្ពុជាបច្ចុប្បន្ន ប៉ុន្តែវាមិនធំទេសម្រាប់ពេលអនាគត ដូច្នេះការសាងសង់ចប់របស់អគារនេះ មិនមែនជាការកំណត់ភាពជោគជ័យរបស់គម្រោងនេះនោះទេ។ ភាពជោគជ័យរបស់គម្រោងនេះ អាស្រ័យលើទំហំនៃការប្រើប្រាស់របស់គម្រោងនេះ។
អ្នកនាងបន្តថា ៖ «ប្រសិនជាអ្នកវិនិយោគមានប្រាក់ច្រើន ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគលើគម្រោងនេះ ជាការល្អប្រសើរ ហើយបើអគារនេះមានអត្រាប្រើប្រាស់ពី៦០ ទៅ៧០ភាគរយ គឺអាចទទួលយកបានហើយ»។
នៅពេលសួរថា តើការលក់គម្រោងនេះនឹងចាប់ផ្តើមនៅពេលណា? លោកសាស្ត្រាចារ្យ ទួស សាភឿន បានថ្លែងថា ៖ «យើងមិនទាន់គិតដល់ការលក់នោះទេ គឺបាននិងកំពុងធ្វើយ៉ាងណាឲ្យគម្រោងនេះទទួលបានជោគជ័យ»។
ដើម្បីឲ្យប្រាកដថា គម្រោងសំណង់ដ៏ធំខ្ពស់ដាច់គេនៅកម្ពុជានេះ មានលក្ខណៈកាន់តែល្អប្រសើរ និងទាក់ទាញនោះលោក ទួស សាភឿន បានបញ្ជាក់ថា៖ «ក្រុមហ៊ុនក៏កំពុងរៀបចំផ្នែកផ្សេងៗដែលជាគ្រឿងលម្អដល់សំណង់ដ៏ធំមួយនេះ ដូចជា ការរៀបចំពង្រីកផ្លូវនៅជុំវិញបរិវេណនោះឲ្យបានធំទូលាយ និងរៀបចំសួនច្បារសម្តេច ហ៊ុន សែន ឲ្យស្អាតស័ក្តិសមនឹងឈ្មោះជា ដើម»។
លោកបន្ថែមថា ៖ «ជារួម គឺយើងធ្វើយ៉ាងណាឲ្យបរិវេណនៅតំបន់ជាប់ជុំវិញនៃគម្រោងនេះល្អស្អាត ប្រៀបបីដូចទៅនឹងស្ថានសួគ៌ ដើម្បីឲ្យវាស័ក្តិសមទៅនឹងគុណតម្លៃកេរ្តិ៍ឈ្មោះរបស់អគារពាណិជ្ជកម្មថៃប៊ុនរ៉ុង ដ៏ខ្ពស់ និងល្អដាច់គេមួយនេះ»។
លោក Alexander Evengroen នាយកប្រតិបត្តិរបស់ Key Real Estate Ltd., និងប្រធានទីប្រឹក្សានៅ CVEA បានឲ្យដឹងថា រាល់ក្រដាសស្នាមត្រូវបានរៀបចំរួចរាល់ទៅតាមច្បាប់របស់ប្រទេសកម្ពុជា ក៏ដូចជាគម្រោងមួយដែលត្រឹមត្រូវដោយទំហំរបស់វាមិនមែនជាបញ្ហានោះទេ។
លោកបានឲ្យដឹងថា ៖ «គ្រប់គម្រោងអាចទទួលបានជោគជ័យឲ្យតែគម្រោងនោះត្រូវបានរៀបចំរួចរាល់។ គម្រោងជាច្រើនកំពុងតែបន្ថយល្បឿន ប៉ុន្តែគម្រោងជាច្រើនទៀតក៏កំពុងតែដើរទៅមុខយ៉ាងឆាប់រហ័សដែរ។ ប្រសិនបើអ្វីៗត្រូវបានរៀបចំរួចរាល់ហើយ នោះនឹងមិនមានបញ្ហាអ្វីទេ។ លុះត្រាដល់ពេលខាងមុខ ទើបយើងអាចដឹងបាន»។
លោកបានបន្តថា ៖ «ខ្ញុំនៅតែមើលឃើញទៅលើវិស័យអចលនទ្រព្យក្នុងន័យវិជ្ជមាន ប៉ុន្តែក៏ស្វែងរកភាពវិជ្ជមាននៅក្នុងគម្រោងភាគច្រើនទៀតផងដែរ»៕
http://www.postkhmer.com/