អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីហួរ គ្រុប បានផ្ញើលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ។
ក្នុងលិខិតជូនពររបស់អ្នកឧកញ៉ា លី ហួរ គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរ ថា «ក្នុងឱកាសដ៏បវរសួស្ដី សិរីមង្គល ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមអនុញ្ញាតចូលរួមគោរពសម្ដែងនូវ អំណរសាទរយ៉ាងក្លៀវក្លាបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង គោរពជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមបានប្រកបដោយសុខភាពពេញលេញ បរិបូរណ៍ ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ កម្លាំងកាយពលមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកចីរភាពជានិច្ចនិរន្តរ៍តរៀងទៅ»។
ក្នុងលិខិតគោរពជូនពររបស់អ្នកឧកញ៉ា លី ហួរ ដដែល បានសរសេរបន្តថា «ក្នុងទិវាដ៏មហាកិត្តិយសនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំកំពូលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង មិនខ្លាចនឿយហត់ ពុះពារគ្រប់ឧបសគ្គ ក្នុងការដោះស្រាយនូវរាល់ការលំបាក គ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្រោមមគ្គុទ្ទេសក៍ ប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចនូវមហាជោគជ័យជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចំរើន ប្រទេសជាតិកាន់តែមានការអភិវឌ្ឍជឿនលឿន បោះជំហានទៅមុខប្រកបដោយសក្តានុពលភាព និងទទួលបាននូវកិត្យានុភាព ដ៏ស័កិ្តសមឈរលើឆាកជាតិ និងអន្តរជាតិ ទទួលស្គាល់ ដើម្បីដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរក ការអភិវឌ្ឍលើគ្រប់វិស័យ»។
នៅក្នុងលិខិតជូនពររបស់អ្នកឧកញ៉ា លី ហួរ គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាចុងក្រោយបានសរសេរថា «ក្នុងឱកាសដ៏មហាឧត្តុងឧត្ដមនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស-ចៅស្រី សូមប្រកបដោយពរជ័យ បវរសួស្ដី វិបុលសុខ និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លៀតឡើយ»៕