(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំសមាជិក-សមាជិកា រៀបចំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាសមាជិករបស់សមាគមជាង ៥០ ក្រុមហ៊ុន និងមន្ដ្រីជំនាញបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
អង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈមនានា និងបានរកដំណោះស្រាយរួមគ្នា ដើម្បីបន្ដជំរុញដំណើរការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូរ ដែលមានកំណើនតម្រូវការយ៉ាងខ្ពស់លើការប្រើប្រាស់បណ្ដាញទឹកស្អាតនាពេលបច្ចុប្បន្ន។
ឆ្លងតាមរយៈកិច្ចពិភាក្សា កិច្ចប្រជុំនេះទទួលបានលទ្ធផលសម្រេចចំនួន ៣ចំណុចសំខាន់ៗ រួមមាន៖
១) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី ”ស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២”។
២) សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឯកភាពបង្កើតយន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការបន្ដលើកកម្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាគម្រោងអភិវឌ្ឍន៍សំណង់នីមួយៗ។
៣) ការបង្ហាញពីបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់តាមបណ្ដាលជាយក្រុងភ្នំពេញ ដោយរៀបចំសិក្សាបន្ថែមពន្លឿនយន្ដការដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
លទ្ធផលទាំងនេះសបញ្ជាក់អំពីការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់រាជរដ្ឋាភិបាលដល់វិស័យឯកជន ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕