នៅព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ កិច្ចប្រជុំនេះ ត្រូវបានរៀបចំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាសមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាង ៤០ ក្រុមហ៊ុន និងមន្ដ្រីបច្ចេកទេស សហការី របស់និយ័តករបរធនបាលកិច្ច(ន.ប.ធ) ផងដែរ។
អង្គប្រជុំបានពិភាក្សាស្វែងយល់បន្ថែមពីដំណើរការអនុវត្តរបស់វិស័យបរធនបាលកិច្ច ដើម្បីទាញរកផលចំណេញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូរកាន់តែមានកំណើនបន្ថែមទៀត។ ជាលទ្ធផលអង្គប្រជុំបានសម្រេច៖
-ឲ្យអ្នកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យយល់ច្បាស់ពី «បរធនបាលកិច្ច»
-បង្ហាញពីតួនាទីរបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ)
-ពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (ស.អ.ល.ក)។
-សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងចូលរួមជួយផ្សព្វផ្សាយដល់សមាជិក-សមាជិកាទាំងអស់អំពីវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
-សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងនិយ័តករបរធនបាលកិច្ច បានឯកភាពរៀបចំក្រុមការងារ សម្រាប់យន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការបន្ដលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូរ តាមរយៈវិស័យបរធនបាលកិច្ចផងដែរ។
លទ្ធផលទាំងនេះសបញ្ជាក់អំពីការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់រាជរដ្ឋាភិបាលដល់វិស័យឯកជន ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕