(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផ្ញើរសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៨ ព្រះវស្សាយាងចូល៨៩ព្រះ វស្សា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សអភិសិរីភទ្រាភិរម្យឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយសេចក្តីសោមន្សរីករាយក្រៃលែង នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម៨៨ ព្រះវស្សា យាងចូល៨៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា គ្រិស្តសករាជ ២០២៤ ទូលបង្គំជាខ្ញុំលោកអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក- សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះមហា ករុណាទិគុណនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់ គង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ កូន ចៅ ចៅទួត ក្នុងការធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព ពេញលេញបរិបូរណ៍ និងមានការ អភិវឌ្ឍលើគ្រប់វិស័យ៕