MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ភាព​មិន​ឋិតថេរ​នៃ​អត្រា​ការប្រាក់​ខ្ពស់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ក្នុង​បុរី និង​ផ្ទះល្វែង Posted Date : 21-02-2017
Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​ក្នុង​បុរី​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ។ រូបថត សហការី

ភាព​មិន​ឋិតថេរ​នៃ​អត្រា​ការប្រាក់​ខ្ពស់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ក្នុង​បុរី និង​ផ្ទះល្វែង

 

ការ​រីកចម្រើន​នៃ​សំណង់​ផ្ទះ​ល្វែង​នៅ​តាម​បុរី និង​ដី​បាន​កើនឡើង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ វា​បាន​ឆ្លុះ​បញ្ចាំង​នូវ​កំណើន​សេដ្ឋកិច្ទ​ជាតិ​តាំងពី​ដើម​ឆ្នាំ​ ២០០០ ​ជា​រហូត​មក​ហើយ​ការ​កើនឡើង​នូវ​តួលេខ​នៃ​អ្នក​វិនិយោគទុន​ទាំង​ក្នុង​ស្រុក និង​ពី​ក្រៅ​ស្រុក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​គឺជា​សញ្ញា​ប្រសើរ​មួយ​នៃ​វិស័យ​ទំនើបកម្ម​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​បច្ចុប្បន្ន​មាន​សម្ទុះ​កើនឡើង​ខ្លាំង​នៃ​ក្រុមហ៊ុន​វិនិយោគ និង​អ្នក​វិនិយោគ​​សាងសង់​ច្រើន​ជាង ២៨០ ​ក្រុមហ៊ុន​ក្នុង​នោះ ៣០ ​ភាគរយ (​យោង​តាម​តួលេខ​របស់​ក្រសួង) ជា​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស​ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០១៧ ​នេះ។

លោក វណ្ណា បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ត្រូវ​ការសិក្សា ទី​ ១ កំណើន​នៃ​ការ​សាងសង់​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដែរ​ឬ​ទេ​? ទី​ ២ ការ​បង់​រំលស់​ខ្ចី​សាច់​ប្រាក់​អាច​ជា​បញ្ហា​ប្រឈម​ដែរ​ឬ​ទេ​? ប៉ុន្តែ​អ្វី​ដែល​យើង​មើល​ឃើញ​នោះ​គឺ​ការ​វិនិយោគ​កាន់តែ​ច្រើន​យើង​កាន់​តែ​ចំណេញ​ដល់​ប្រជាជន​ក្នុង​ការ​វិនិយោគ​ទិញ​ផ្ទះ​ពីព្រោះ​កាលណា​មាន​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ច្រើន​តម្លៃ​ទីផ្សារ​នៃ​ផ្ទះ​មាន​ភាព​ប្រសើរ និង​ធ្វើឲ្យ​ប្រជាជន​មាន​ជម្រើស​អាច​ជឿជាក់​ទិញ​បាន​កាន់តែ​ច្រើន​»​។

លោក​បាន​បង្ហាញ​ពី​តួលេខ​នៃ​​តម្រូវការ​ផ្ទះ​ក្នុង​មួយ​ឆ្នាំៗ​ដែល​ប្រជាជន​មាន​តម្រូវការ​គឺ​មិន​ក្រោម​ពី ១ ​ម៉ឺន​ខ្នង​ផ្ទះ​នោះ​ទេ​ដែល​អាច​ជួយ​សម្រួល​នូវ​ថវិកា​ជាតិ​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សេដ្ឋកិច្ច​ជឿនលឿន​។ «​ប៉ុន្តែ​យើង​ក៏​ទទួល​ស្គាល់​ថា​ការ​ខ្ចី​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​ម្ចាស់​បុរី​ផ្ទាល់​ដើម្បី​ទិញ​ផ្ទះ​ស្នាក់នៅ​គឺ​​នៅ​តែ​យក​​អត្រា​ការប្រាក់​ខ្ពស់​បន្តិច បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង​»​។

លោក​បាន​បន្ថែម​ថា​៖ «​វា​អាច​ជា​ហានិភ័យ​មួយ​ដែរ​ចំពោះ​អ្នក​ដែល​មិន​មាន​ចំណូល​ច្បាស់លាស់​ហើយ​លោភ​ក្នុង​ការ​វិនិយោគ​ផ្ទះ​ច្រើន​ដើម្បី​ផលចំណេញ​ពីព្រោះ​យើង​មិន​អាច​ទស្សន៍ទាយ​ដឹង​ពី​អនាគត​របស់​សេដ្ឋកិច្ច​ទីផ្សារ​ឡើយ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​ព្យាយាម​សម្រួល​ប្រជាជន​តាម​ប្រភេទ​នៃ​ឥណទាន​ក្នុង​ការ​ទិញ​អចលនទ្រព្យ​គ្រប់​ប្រភេទ​ក្នុង​កម្ចី​ការប្រាក់​ទាប​នា​បច្ចុប្បន្ន​​នេះ»។

យ៉ាង​ណា​មិញ​បុគ្គលិក​ស្ថាប័ន​ឯកជន​មួយ​រូប​លោក លាង គង់ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ទិញ​ផ្ទះ​ល្វែង​មួយ​ខ្នង​ក្នុង​បុរី​ចំការស្វាយ​ដែល​ស្ថិត​នៅ​សង្កាត់​និរោធ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ ១ កាលពី​ឆ្នាំ​ ២០១២ ក្រោម​ប្រាក់​កម្ចី ៧០ ​ភាគរយ​នៃ​តម្លៃ​ផ្ទះ​ចំនួន ៣ ​ម៉ឺន​ដុល្លារ​ពី​ធនាគារ​អេស៊ីលីដា​ក្នុង​រយៈពេល​​ ១០ ​ឆ្នាំ​ដោយ​មិន​បាន​ផ្តោត​លើ​ចំនួន​អត្រា​ការ​ប្រាក់​ខ្ពស់​ឡើយ​»​។

 

Content image - Phnom Penh Post
លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​​ក្រុមហ៊ុន VTrust Appraisal។ រូបថត សហការី

 

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ និង​គ្រួសារ​បាន​សម្រច​ចិត្ត​ខ្ចី​ពី​ធនាគារ​ដោយ​គិត​ថា​ទី​ ១ ខ្ញុំ​ចង់​បាន​ផ្ទះ​នៅ ទី​ ២ ខ្ញុំ​ជា​អ្នក​ធ្វើការ​ហើយ​គ្មាន​លទ្ធភាព​បង់​ប្រាក់​ទាំងអស់​បាន​ទេ អ៊ីចឹង​មាន​តែ​មធ្យោបាយ​បង់​រំលស់​ពី​ធនាគារ​ដើម្បី​បាន​ផ្ទះ​នៅ​ចៀសវាង​ជួល​ផ្ទះ​គេ​»​។

លោក​បាន​បន្ត​ថា​កាលពី​ឆ្នាំ​ដែល​លោក​ខ្ចី​ពី​ធនាគារ លោក​មិន​គិត​ថា​វា​មាន​ការ​ប្រាក់​ច្រើន​ណាស់​ណា​ទេ ប៉ុន្តែ​បន្ទាប់ពី​លោក​បង់​បាន ៥ ​ឆ្នាំ​ហើយ​យក​មក​ចែក​មើល​ទើប​ដឹង​ថា​លោក​បាន​បង់​ការប្រាក់​ជិត​ស្មើ​នឹង​លុយ​ដើម​របស់​លោក​ហើយ​លោក​មាន​អារម្មណ៍​ថា​រង​សម្ពាធ​ដោយសារ​អត្រា​ការប្រាក់​ខ្ពស់​ពេក​។

ទោះបី​ជា​យ៉ាង​ណា​លោក គង់ បាន​និយាយ​ថា​៖ «​កាលពី​ជំនាន់​នោះ​កម្ចី​ពី​ធនាគារ​គឺជា​ជម្រើស​ដែល​ល្អ​ដោយ​យោង​តាម​លក្ខខណ្ឌ​របស់​ធនាគារ​ពីព្រោះ​គាត់​ត្រូវការ​តែ​ប្លង់​ផ្ទះ​ទន់​លុយ​ ៣០ ​ភាគរយ​នៃ​តម្លៃ​ផ្ទះ​ដែល​ចង់​ទិញ​លិខិត​បញ្ជាក់​ពី​ទឹក-ភ្លើង ឯកសារ​សៀវភៅ​គ្រួសារ​ច្បាស់លាស់ លិខិត​បញ្ជាក់​ពី​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​។ [​ប៉ុន្តែ​] ​ការ​ខ្ចី​កាន់​តែ​យូរ​កាន់​តែ​មាន​ហានិភ័យ​ច្រើន ពីព្រោះ​ត្រូវ​បង់​ការប្រាក់​ច្រើន ដោយសារ​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​យក​ការ​ប្រាក់​ខ្ពស់​ជាង​​ប្រទេស​អភិវឌ្ឍន៍​ដទៃ​»​។

លោក​បាន​ថ្លែង​ដោយ​សំណូមពរ​ថា​បើ​អាច​ទៅ​រួច​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គួរ​គិត​ពី​កត្តា​ជីវភាព​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់​កម្ចី​ការប្រាក់​ថោក​ដូច​នៅ​​ប្រទេស​ដទៃ​ដើម្បី​​ចៀសវាង​នូវ​ការ​រង​គំនាប​សង្កត់​ពី​ការ​ប្រាក់​ខ្ពស់​។

លោកស្រី សូផន ណារី អគ្គនាយិការង​នៃ​ធនាគារ អេស៊ីលីដា មាន​ប្រសាសន៍​ថា​៖ «​ធនាគារ​អេស៊ីលីដា មាន​ឥណទាន​គេហដ្ឋាន និង​កែលម្អ​គេហដ្ឋាន។ ឥណទាន​ទិញ​លំនៅឋាន​មាន​ការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ដែល​កើន​ពី​ជាង ១៨១ ​លាន​ដុល្លារ​កាលពី​ចុង​ឆ្នាំ​ ២០១៦ ទៅ​ ២១១ ​លាន​ដុល្លារ​នៅ​ក្នុង​ដើម​ឆ្នាំ​ ២០១៧ ​នេះ​សម្រាប់​អតិថិជន​ជាង ៨ ​ពាន់​នាក់​គឺ​កើន​បាន ៣០ ​លាន​ដុល្លា​នៃ​ឥណទាន​»​។

លោកស្រី​បាន​បន្ថែម​ថា​៖ «ឥណទាន​យើង​មាន​ការ​រីកចម្រើន​ដោយ​ប្រជាជន​ខ្ចី​យក​ទៅ​ទិញ​គេហដ្ឋាន​សម្រាប់​រស់នៅ​ដោយ​​មិន​ទិញ​ទុក​សម្រាប់​លក់​នោះ​ទេ​។ លើល​ពី​នេះ​ដើម្បី​ទទួល​បាន​ឥណទាន​នេះ​ត្រូវ​មាន​លក្ខខណ្ឌ ប្រវិត្ត​បុគ្គល​ប្រកប​ការងារ​ស្រប​តាម​ផ្លូវច្បាប់ ទីតាំង​ច្បាស់​លាស់​នៃ​គេហដ្ឋាន​ហើយ​មាន​លទ្ធភាព​ក្នុង​ការ​សង​កេរ្តិ៍ឈ្មោះ និង​អត្តចរិក​ល្អ មាន​ចេតនា​សង​»​។

លោកស្រី​បន្ត​ទៀត​ថា​ធនាគារ​គោរព​តាម​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​ធនាគារជាតិ​ហើយ​យើង​មាន​គោលនយោបាយ​ក្នុង​ប្រទេស និង​អន្តរជាតិ និង​គោរព​តាម​គោលការណ៍​ទាំងអស់​ពី​ក្រសួង​ពាក់ព័ន្ធ​នានា​។ ការ​រៀបចំ​នូវ​តម្លៃ​ការប្រាក់​គឺ​ «​គោរព​តាម​ប្រភព​ទុន​របស់​យើង បើ​យើង​ទិញ​មក​ថ្លៃ​ការ​ផ្តល់​ទៅវិញ​ក៏​មាន​តម្លៃ​ថ្លៃ​ដែរ​» ពីព្រោះ​អាស្រ័យ​ទៅលើ​មូលនិធិ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ដើម្បី​ធ្វើ​កម្ចី​ឥណទាន​ពី ១០ ​ឆ្នាំ​ឡើង​ទៅ​ជា​អតិបរមា​។

ជំនួយការ​គណនេយ្យ​នៃ​ទូរទស្សន៍​អប្សរា កញ្ញា សំរិទ្ធ និមល បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​បារម្ភ​នៃ​កម្ចី​ការប្រាក់​ខ្ពស់​ពី​ធនាគារ ឬ​ម្ចាស់​បុរី​ដោយ​អះអាង​ថា «​ខ្ញុំ​ទើប​តែ​ទិញ​ផ្ទះ​ល្វែង​មួយ​ខ្នង​នៅ​ក្រុង​តាខ្មៅ កាលពី​ដើម​ខែ​កុម្ភៈ​នេះ​ដោយ​បង់​លុយ​ទាំងអស់​នៃ​តម្លៃ​ផ្ទះ​ពីព្រោះ​ខ្ញុំ​មិន​ចង់​ប្រើប្រាស់​សេវា​បង់​រំលស់​ណា​មួយ​ដែល​​អាច​ខាត​អត្រា​ការប្រាក់​ច្រើន​»​។

កញ្ញា​បាន​បន្ត​ថា «​ចំពោះ​ករណី​ខ្ញុំ ខ្ញុំ​សុខ​ចិត្ត​ខ្ចី​ពី​មនុស្ស​ជិតសិ្នទ្ធិ​ដែល​មិន​មាន​ការប្រាក់​ខ្ពស់​ដូច​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ហើយ​​បើ​ខ្ញុំ​មិន​មាន​លទ្ធភាព ខ្ញុំ​នឹង​មិន​សម្រេច​ចិត្ត​ទិញ​ផ្ទះ​មួយ​ហ្នឹង​ទេ​ពីព្រោះ​វា​ពិតជា​ប្រថុយ​គ្រោះថ្នាក់​ណាស់​នៅ​ពេល​ខ្ញុំ​មិន​មាន​លុយ​បង់​ដោយ​ប្រការ​ណា​មួយ​»​។

ទន្ទឹម​នឹង​នេះ​ដែរ​នាយក​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន VTrust Appraisal លោក ហ៊ឹម សីហា បាន​មាន​ប្រសាសន៍​ថា​៖ «​ទីផ្សារ​ដែល​លោត​ផ្លោះ​ខ្លាំង​គឺ​ទីផ្សារ​ផ្ទះ​សម្រាប់​ស្នាក់នៅ​ដែល​មាន​ប្រភេទ​ផ្សេងៗ​គ្នា ប៉ុន្តែ​ភាគច្រើន​គឺ​សាងសង់​បុរី​ជា​បណ្តុំ​ផ្ទះ​ល្វែង​ដែល​ប្រជាជន​ធម្មតា​អាច​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ដែល​មិនមែន​ជា​ប្រភេទ​ផ្ទះ​តម្លៃ​ខ្ពស់​ដូច​ផ្ទះ​វីឡា​»​។

បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន VTrust Appraisal អំពី «​ទីផ្សារ​ផ្ទះ​បុរី និង​បណ្តុំ​ផ្ទះល្វែង​ក្នុង​ទីក្រុង​ភ្នំពេញ​» ដែល​នឹង​ចេញ​ផ្សព្វផ្សាយ​ចុង​ខែ​កុម្ភៈ​នេះ​បាន​ឲ្យ​ដឹង​ថា «​ផ្ទះល្វែង​នៅ​តាម​បុរី​មាន​ការ​ផ្តត់ផ្គង់​ទៅ​ដល់​ជិត ៨០ ​ភាគរយ (​គឺ​ជាង​ ៨ ​ម៉ឺន​ខ្នង​ចាប់​តាំងពី​ឆ្នាំ​ ២០០៣ ​មក​) ក្នុង​ពេល​បច្នុប្បន្ន​ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣ ​ម៉ឺន ដល់​​ ២០ ​ម៉ឺន​ដុល្លារ​»​។

ខណៈ​ពេល​ដែល​មាន​ការ​ផ្គត់ផ្គង់​សំណង់​ផ្ទះ​កាន់តែ​ច្រើន​ពី ៦ ​ពាន់​ទៅ​ ៩ ​ពាន់​ខ្នង​ក្នុង​រយៈពេល​ ១ ​ឆ្នាំ លោក សីហា នៅ​តែ​ជឿជាក់​ថា​សំណង់​ផ្ទះ​ល្វែង​នៅ​តែ​ជា​ជម្រើស​ដ៏ល្អ​សម្រាប់​កំណើន​គ្រួសារ​ថ្មី​ដែល​រៀបការ​ថ្មីថ្មោង និង​អ្នក​ចំណាក​ស្រុក​ពី​ខេត្ត​នានា​មក​រស់នៅ​ទីក្រុង​។

ដូច្នេះ​លោក​សង្ឃឹម​ថា​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ខ្ពស់​នឹង​មាន​ការ​ថយ​ចុះ​ក្នុង​ពេល​អនាគត​នៅ​ពេល​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ជឿនលឿន​ជាង​នេះ​៕