រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យសិក្សាពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ យកធ្វើជាទីតាំងចុះចតយន្តហោះ ពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា ឬ ពេលមានគ្រាអាសន្នណាកើតឡើងជាយថាហេតុ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ មេសា ២០១៧ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោហ៊ុនសែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ ទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងចិញ្ចើមផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯកនិងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។
មហាវិថីសម្តេចតេជោ ហ៊ុន សែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដោយចំណាយថវិកា ៧៦ លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ ។ ផ្លូវធំមួយខ្សែនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ ហើយអ្នករាជធានីភ្នំពេញក៏អាចធ្វើដំណើរកាត់មហាវិថីនេះ ឆ្ពោះទៅផ្លូវចំការដូង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានដោយងាយស្រួល៕
https://kohsantepheapdaily.com.kh/article/162133.html