លោកឧកញ៉ា លី ហួរ ដែលទទួលបានជោគជ័យក្នុងការវិនិយោគបុរីនៅទីក្រុងភ្នំពេញ គ្រោងនឹងបោះជំហានទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីសាងសង់បុរីនៅទីក្រុងថ្មីនេះនាពេលខាងមុខនេះ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប រូបនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃច័ន្ទថា រហូតមកទល់ពេលនេះ លោកបានទិញដីបានប្រមាណ ២០០ ហិកតារួចហើយ នៅក្នុងទីក្រុងនៃខេត្តត្បូងឃ្មុំ ដែលទើបបំបែកចេញពីខេត្តកំពង់ចាមនេះ។
លោកគ្រោងវិនិយោគលើលំនៅដ្ឋាន និងផ្សារនៅទីក្រុងថ្មីនេះ ប៉ុន្តែគម្រោងផ្សារប្រហែលជាផ្អាក ដោយសារដីសម្រាប់សាងសង់ផ្សារដែលការសាងសង់ត្រូវគោរពតាមប្លង់មេរបស់ក្រុងត្រូវបានអ្នកមានអំណាចទិញអស់ហើយនិងលក់ក្នុងតម្លៃថ្លៃពេក។
លោកបន្តថា ៖ «តាមពិតខ្ញុំគ្រោងចាប់ផ្តើមគម្រោងសាងសង់ផ្សារ និងលំនៅឋានយូរមកហើយ ប៉ុន្តែ ដោយសារមានបញ្ហាដី ដែលគេទាមទារចំណេញច្រើនពេក ទើបខ្ញុំផ្អាករហូតមកទល់ពេលនេះ»។
លោកបន្តថា ៖ «ប៉ុន្តែគម្រោងសាងសង់បុរីនឹងចាប់ផ្តើមនៅក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនេះ ហើយការសាងសង់លំនៅឋាន នឹងធ្វើឡើងជាជំហានៗតាមតម្រូវការទីផ្សារជាក់ស្តែង»។
នៅពេលលើកឡើងពីតម្រូវការ និងការផ្គត់ផ្គង់ លោកឧកញ៉ា លី ហួរ បានបញ្ចាក់ថា វាមានការលំបាកបន្តិច ដោយសារទីក្រុងថ្មីនេះមិនទាន់មានមនុស្សរស់នៅច្រើន ហើយនៅទូទាំងខេត្តមានប្រជាពលរដ្ឋជាង៨០ម៉ឺននាក់ដែលរស់នៅរាយប៉ាយ ហើយនៅជុំវិញតំបន់នេះក៏មានផ្សារសួង ផ្សារពញាក្រែក និងផ្សារមេមត់រួចទៅហើយ ហេតុនេះយើងនឹងអភិវឌ្ឍសន្សឹមៗ និងមើលតាមស្ថានភាពទីផ្សារ។
លោកឧកញ៉ាបន្តថា ៖ «អ្វីដែល ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលលើកទឹក ចិត្ត នឹងធ្វើឡើងនៅពេលគម្រោងនេះចាប់ផ្តើម ពេលនេះមិនទាន់អាចនិយាយបានទេ ដោយសារគម្រោងមិនទាន់ជាក់លាក់»។
ក្នុងពេលអញ្ជើញទៅសម្ភោធដាក់ឲ្យដំណើរការអគាររដ្ឋបាលសាលាខេត្តថ្មី កាលពីដើមខែឧសភានេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បានជំរុញឲ្យមានការវិនិយោគលំនៅឋានតម្លៃទាបនៅទីក្រុងត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំថ្មីនេះ។
លោកបានថ្លែងថា ៖ «ប្រសិន ជាខ្ញុំជាអ្នកវិនិយោគខ្ញុំនឹងវិនិយោគ លំនៅឋានមានតម្លៃទាប ដើម្បីលក់ ឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ និងធ្វើការលក់បង់រំលស់រយៈពេលវែង»។
លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំបានថ្លែងថា លោកកំពុងកៀងគរអ្នកវិនិយោគមកវិនិយោគនៅក្នុងខេត្តថ្មីនេះ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាចាប់អារម្មណ៍នៅឡើយទេ។
លោកបន្តថា ឥឡូវនេះខេត្តមានហេដ្ឋារចនាសម្ព័ន្ឋ មានទឹកស្អាត ដែលអាចបម្រើឲ្យប្រជាពលរដ្ឋបាន៥ម៉ឺននាក់ និងបណ្តាញអគ្គិសនីគ្រប់គ្រាន់ហើយ ហេតុនេះអ្នកវិនិយោគអាចចូលមកវិនិយោគបាន។
លោកបន្តថា ៖ «និយាយពីការលើកទឹកចិត្តអ្នកវិនិយោគបែបណា ទាល់តែពួកគេចូលមកសិន ទើបអាចនិយាយគ្នាពីការសហការយ៉ាងដូចម្តេចបាន»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា ការវិនិយោគលំនៅឋានឬផ្សារទំនើបនៅក្នុងទីក្រុងថ្មីនេះ ត្រូវចំណាយពេលវេលាយូរតទៅទៀត ព្រោះទីក្រុងថ្មីនេះស្ថិតនៅកណ្តាលព្រៃមិនទាន់មានមនុស្សចូលទៅរស់នៅ នៅឡើយទេ ហេតុនេះត្រូវរង់ចាំពេលវេលាពី ៥ ទៅ ១០ ឆ្នាំទៀត ប៉ុន្តែប្រសិនជាចង់ទាក់ទាញអ្នកវិនិយោគទៅវិនិយោគនៅទីនោះរដ្ឋាភិបាលត្រូវផ្តល់ដី និងហេដ្ឋារចនាសម្ព័ន្ឋនានា ទើបអ្នកវិនិយោគអាចទៅវិនិយោគផ្ទះមានតម្លៃចាប់ពី ១០,០០០ ទៅជាង ១ ម៉ឺនដុល្លារទើបមានអ្នកទិញ។
លោកបន្តថា ៖ «ប៉ុន្តែអ្វីជាការបារម្ភ គឺដីតំបន់នោះបានហើមរួចទៅហើយដោយដីទំហំ ៥ គុណ ២០ ម៉ែត្រ មានតម្លៃចាប់ពី ១០,០០០ ទៅ ២០,០០០ ដុល្លារ ដែលតាមពិតដីទាំងនោះគួរមានតម្លៃត្រឹម ២០០០ ដុល្លារប៉ុណ្ណោះ»៕
http://www.postkhmer.com/