នៅទីបំផុតអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន បានកំណត់កាលបរិច្ឆេទសាងសង់ជាក់លាក់ហើយខណៈក្រុមហ៊ុនម្ចាស់គម្រោងនេះនឹងកំណត់យកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៧ ខាងមុខនេះ ដើម្បីធ្វើការសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ។
លោកសាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករមួយរូបដែលបានចូលរួមគូរអគារពាណិជ្ជកម្មជាប្រវត្តិសាស្ត្រនេះ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទកន្លងមកថា លោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានសម្រេចជ្រើសរើសយកថ្ងៃទី ១ ខែសីហា ខាងមុខនេះ ដើម្បីបើកការដ្ឋានសាងសង់អគារដ៏សម្បើម និងខ្ពស់ជាងគេនេះ។
លោកបន្តថា បច្ចុប្បន្នអគារនេះបាននិងកំពុងរៀបចំកែលម្អមួយចំនួន ដែលគ្រោងបញ្ចប់នៅពេលឆាប់ៗនេះ ប៉ុន្តែទាក់ទងនឹងរចនាបទអគារនេះលោកមិនទាន់បង្ហើបឲ្យដឹងនោះទេ រហូតដល់ការកែលម្អត្រូវបានបញ្ចប់នាពេលខាងមុខ។
តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះនឹងចំណាយទុនវិនិយោគសម្រាប់សាងសង់ចំនួន ២១០០ លានដុល្លារអាមេរិក និងថវិកា ៣០០០ លានដុល្លារទៀត នឹងទុកប្រើប្រាស់សម្រាប់រៀបចំអគារនេះឲ្យអាចដំណើរការប្រកបដោយសកម្មភាពរស់រវើក។
លោកសាស្ត្រាចារ្យ ទួស សាភឿន បានបន្តថា អគារនេះនឹងបណ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានអាផាតមិន សណ្ឋាគារផ្កាយ ៦ ខុនដូលំដាប់ប្រណីតការិយាល័យធ្វើការ ភោជនីយដ្ឋាន កន្លែងគយគន់ទេសភាពទីក្រុងភ្នំពេញ សេវាកម្មកម្សាន្ត និងផ្សារទំនើបជាដើម។
លោកបន្តថា ៖ «ខ្ញុំជឿជាក់ថា គម្រោងនេះនឹងទទួលបានជោគជ័យ ព្រោះក្រុមហ៊ុនមានទឹកប្រាក់ ដើម្បីធ្វើយ៉ាងណាឲ្យអគារនេះដំណើរការនៅពេលបញ្ចប់ការសាងសង់»។
លោកបន្តថា ៖ «បច្ចុប្បន្ននៅកម្ពុជាមិនទាន់មានក្រុមហ៊ុនធំៗច្រើនមកដាក់ការិយាល័យកណ្តាលរបស់ខ្លួនទេ ប៉ុន្តែនៅពេលបញ្ចប់ការសាងសង់អគារដ៏សម្បើមនេះ នឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិកាន់តែច្រើនមកកាន់កម្ពុជា»។
ក្រៅពីវិនិយោគសាងសង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅក្នុងតំបន់អាស៊ានក្រុមហ៊ុនថៃ ប៊ុនរ៉ុង ក៏នឹងកែលម្អសួនច្បារសម្តេចតេជោ ហ៊ុន សែន ដែលនៅក្បែរនោះឲ្យមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។
អគារ Thai Boon Roong Tween Tower បាននិងកំពុងប្រណាំងប្រជែងពេលវេលាជាមួយអគារខ្ពស់ៗដទៃទៀតនៅក្នុងតំបន់អាស៊ានដូចជា អគារ Petronas Tower1 ដែលមានកម្ពស់ ៤៥២ ម៉ែត្រ អគារ Petrovietnam ដែលមានកម្ពស់ ៥២៨ ម៉ែត្រ អគារ MahaNakhon នៅទីក្រុងបាងកក ប្រទេសថៃ មានកម្ពស់ ៣១៣ ម៉ែត្រ តែនឹងត្រូវដំឡើងអង់តែនកម្ពស់រហូតដល់ ៦១៥ ម៉ែត្រ និងអគារ GAMA Tower នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់ ២៨៩ ម៉ែត្រ។
តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះ នឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd. និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Roong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានថ្លែងថា វត្តមានអគារនេះហាក់ធំបន្តិច សម្រាប់ទីក្រុងភ្នំពេញ ប្រសិនជាយើងមើលទៅលើតម្រូវការ និងការផ្គត់ផ្គង់នាពេលថ្មីៗនេះចូលមកទីផ្សារមានកាន់តែច្រើន ប៉ុន្តែប្រសិនជានិយាយពីភាពជោគជ័យ ឬមិនជោគជ័យរបស់គម្រោងនេះ អាស្រ័យលើអ្នកអភិវឌ្ឍន៍មានអតិថិជនក្នុងដៃ មានភាពជឿជាក់ មានទុនគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងនេះ។
អ្នកនាងបន្តថា ៖ «ប្រសិនជាគាត់មានអតិថិជនមានសក្តានុពលក្នុងដៃមានការយល់ដឹងពីទីផ្សារច្បាស់លាស់ គម្រោងដែលអាចតំណាងឲ្យទីក្រុងភ្នំពេញបែបនេះអាចនឹងជោគជ័យ»។
អ្នកនាងបន្តថា ៖ «ប្រសិនជានិយាយពីទីតាំងខ្ញុំគិតថា គម្រោងរបស់គាត់ស្ថិតនៅទីតាំងល្អ និងជាគម្រោងដ៏ធំ និងទាក់ទាញមួយ»។
នៅពេលសួរថា តើអ្នកវិនិយោគគម្រោងនេះគួរមានអ្វីពិសេសសម្រាប់អតិថិជនឬទេ? អ្នកនាង សុធីតា បានបញ្ជាក់ថា៖ «តាមធម្មតាអ្នកវិនិយោគនិមួយៗ ក៏តែងគិតពីប្រាក់ចំណេញរបស់ពួកគេត្រឡប់វិញដែរ»។
សេដ្ឋវិទូកម្ពុជា លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងដោយប្រុងប្រយ័ត្នថា ការសាងសង់អគារធំខ្ពស់បែបនេះជារឿងមោទនភាពឬយ៉ាងណា និងការសាងសង់ គឺជាសិទ្ឋិរបស់គេ តែលោកមិនមានមោទនភាពនោះទេ ដោយសារលោកបារម្ភពីអគារខ្ពស់បែបនេះ ប្រសិនជាមានយថាភ័យណាមួយកើតឡើង តើយើងមានប្រព័ន្ឋសង្គ្រោះដែរឬទេ និងសង្គ្រោះមនុស្សយ៉ាងដូចម្តេច?
លោកថ្លែងទាំងអស់សំណើចថា ៖ «ខ្ញុំមិនចង់រស់នៅអគារខ្ពស់ទេ ខ្ញុំខ្លាចមានហានិភ័យអ្វីមួយកើតឡើង មិនដឹងរត់ទៅណា? ពេលរស់នៅបរទេសខ្ញុំមិនជ្រើសរើសរស់នៅលើអគារខ្ពស់នោះទេ»។
លោកបណ្ឌិត កល្យាណ បានបន្តថា នៅពេលមានអគារធំបែបនេះ វានឹងធ្វើឲ្យតំបន់នោះប្រមូលផ្តុំ កកកុញដោយមនុស្ស កកស្ទះចរាចរណ៍ និងមានការបំពុលបរិស្ថាន ហេតុនេះយើងគួរគិតជាមុនថា តើត្រូវដោះស្រាយបញ្ហាទាំងនោះដូចម្តេច ពេលអគារធំបែបនេះសាងសង់ចប់?
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអ៊ិលស៊ី បានថ្លែងថា ប្រសិនជាផ្អែកលើកំណើនសេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបានជាង ៧ ភាគរយ ក្នុងរយៈពេលជាង ២ ទសវត្សរ៍មកនេះ កម្ពុជាស័ក្តិសមនឹងមានអគារខ្ពស់បែបនេះ។
លោកបន្តថា ៖ «ប្រសិនជាអគារនេះសាងសង់មែននោះ វាជាមោទនភាពមួយសម្រាប់កម្ពុជា និងជាមុខមាត់របស់កម្ពុជាបង្ហាញទៅកាន់ពិភពលោក»៕