MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ Posted Date : 06-06-2017

ចេញ​ពី​ប្រជាជន​ដែល​មាន​ធនធាន​រហូត​ដល់​អ្នក​វិនិយោគ​មួយ​ចំនួន​ពួកគេ​កំពុង​រង់ចាំ​មើល​ស្ថានភាព​ប្រទេស​កម្ពុជា​នា​អំឡុងពេល​បោះឆ្នោត ប៉ុន្តែ​អ្នក​ឧកញ៉ា សៀ រិទ្ឋី មិន​បារម្ភ​ពី​ស្ថានភាព​នេះ​ទេ​ដោយ​លោក​បាន​និង​កំពុង​ចាប់ផ្តើម​គម្រោង​អចលនទ្រព្យ​យក្ស​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​។

KOWLOON BAY ជា​ឈ្មោះ​គម្រោង​ថ្មី​របស់​លោក​ឧកញ៉ា សៀ រិទ្ឋី ដែល​ជា​អគារ​ភ្លោះ​កម្ពស់ ៥៩ ​ជាន់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស និង​ស្ថិត​នៅ​ចំ​ពី​មុខ​គម្រោង​ខុនដូ The Rose Condo ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅ​ឡើយ​ទេ​។

លោក​ឧកញ៉ា សៀ រិទ្ឋី អគ្គនាយក​ក្រុមហ៊ុន World Bridge Land បុរស​ពោរពេញ​ដោយ​មហិច្ឆតា​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​សាងសង់​គម្រោង​នេះ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សម្រាប់​អគារ​កម្ពស់ ៦៣ ​ជាន់ ប៉ុន្តែ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​សាងសង់​កម្ពស់ ៥៩ ​ជាន់​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ​គម្រោង​នេះ​​ជា​គម្រោង​ចម្រុះ​ដែល​មាន​អគារ​ស្នាក់នៅ​ផ្សារ​ទំនើប ប៉ុន្តែ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ពី​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា​នៅ​ឡើយ​។

លោក​បន្ត​ថា​៖ «​ប្រសិន​ជា​បារម្ភ​ពី​ទីផ្សារ ខ្ញុំ​មិន​ចាប់ផ្តើម​គម្រោង​នេះ​ទេ​។ ខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា​គម្រោង​នេះ​ល្អ​ហើយ​តម្រូវការ​នៅ​តែ​ល្អ​»​។ លោក​បន្ត​ថា​ ៖ «​ខ្ញុំ​មិន​បាន​សិក្សា​ពី​គម្រោង​ដទៃ​នោះ​ទេ។ គម្រោង​ដទៃ​អាច​មាន​បញ្ហា​តែ​គម្រោង​របស់​ខ្ញុំ​មិនមាន​បញ្ហា​ទេ​អ្វីៗ​ខ្ញុំ​ផ្តោត​សំខាន់​គឺ​ទីតាំង​»​។

គម្រោង KOWLOON BAY នឹង​សាងសង់​នៅ​លើ​ផ្ទៃដី ១,៥០ ​ហិកតា និង​វិនិយោគ​រួម​គ្នា​ដោយ​ក្រុមហ៊ុន World Bridge Land និង​ក្រុមហ៊ុន Star City​។

ទោះបី​ជា​យ៉ាង​ណា​លោក​ឧកញ៉ា សៀ រិទ្ឋី មិន​បញ្ជាក់​ឲ្យ​ដឹង​​ពី​ទុនវិនិយោគ រយៈពេល​បញ្ចប់​គម្រោង និង​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​នៅ​ឡើយ​ទេ​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​ផ្តោត​សំខាន់​លើ​ទីផ្សារ​ក្រៅ​ប្រទេស​នោះ​ទេ ខ្ញុំ​ផ្តោត​លើ​ទីផ្សារ​សម្រាប់​អ្នក​មាន​ធនធាន​នៅ​ក្នុង​ប្រទេស​ដែល​មាន​តម្រូវការ​​ច្រើន​។

លោក​បន្ត​ថា​៖ «​ទោះ​ជា​យ៉ាង​ណា​គម្រោង​នេះ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី​នៅ​ឡើយ​ទេ សូម​កុំ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​»​។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ថា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ការ​លក់​ខុនដូ​ប្រណីត​មាន​សភាព​ទ្រឹង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ប៉ុន្តែ​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​នៅ​តែ​លក់​បាន​ទោះ​ជា​មិន​សូវ​មាន​ភាព​ល្អ​ប្រសើរ​ដូច​ពេល​មុន​ក្តី ដូច្នេះ​វា​មិន​មាន​សញ្ញា​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ​។

លោក​បន្ត​ថា ​តាម​ធម្មតា​អ្នក​អភិវឌ្ឍន៍​តែង​មាន​ជំនាញ​ផ្សេងៗ​គ្នា​ហើយ​គាត់​ (​សៀ រិទ្ឋី​) មាន​ទីផ្សារ​ច្រើន​ដែល​ធ្វើ​ឲ្យ​គម្រោង​របស់​គាត់​មាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​។

លោក​បន្ត​ថា​៖ «​គាត់​មាន​អ្នក​ជំនាញ​ក្នុង​ស្រុក និង​មាន​អ្នក​ជំនាញ​លក់​នៅ​ក្រៅ​ប្រទេស​ច្រើន ដូច្នេះ​គាត់​សិក្សា​ច្បាស់លាស់​ហើយ​ទើប​គាត់​ចាប់ផ្តើម​គម្រោង​ថ្មី​នេះ​»​។

លោក​បន្ត​ថា​៖ «​តាម​ធម្មតា​អ្នក​អភិវឌ្ឍន៍ ទាល់តែ​សិក្សា​ទីផ្សារ និង​រកឃើញ​ថា​អាច​ទៅ​រួច​ទើប​ពួកគេ​ចាប់ផ្តើម​វិនិយោគ​»​។

អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ឋី បាន​ថ្លែង​ថា​កម្ពុជា​ត្រូវ​បាន​អ្នក​វិនិយោគ​មើល​ឃើញ​ថា​ជា​ទីតាំង​ផលិត​ដែល​ត្រូវការ​អ្នក​ជំនាញ និង​ថ្នាក់ដឹកនាំ​លំដាប់​ខ្ពស់​ច្រើន ដូច្នេះ​ពេល​ពួកគេ​ចូល​មក​ធ្វើការ ពួកគេ​នឹង​ស្នាក់​នៅ​ខុនដូ​ហើយ​និន្នាការ​ទីផ្សារ​ខុនដូ​ផ្តោត​លើ​ទីផ្សារ​ក្រៅ​ប្រទេស ដូច្នេះ​ចំនួន​ខុនដូ​ជាង ៣ ​ទៅ​ ៤ ​ម៉ឺន​យូនីត វា​មិន​ច្រើន​ទេ​សម្រាប់​ទីផ្សារ​អាស៊ាន​នាពេល​អនាគត​។

លោក​បន្ត​ថា ​ការ​ទិញ​ខុនដូ​នាពេល​បច្ចុប្បន្ន​មាន ៤០ ​ភាគរយ​ជា​ប្រជាជន​ក្នុង​ស្រុក និង​ ៦០ ​ភាគរយ​ជា​ជនបរទេស​។

លោក​បន្ត​ថា​៖ «​អ្វី​ដែល​សំខាន់​គឺ​យើង​មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ដូច្នេះ​អ្វី​ដែល​គាត់​ (​ឧកញ៉ា​ សៀ រិទ្ឋី​) ​សាងសង់ ខ្ញុំ​មិន​បារម្ភ​នោះ​ទេ​ព្រោះ​ទីតាំង​គម្រោង​ជា​ទីតាំង​ល្អ​ស្ថិត​ក្នុង​កាលៈទេសៈ​ល្អ និង​មាន​តម្លៃ​សមរម្យ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​អ្នក​វិនិយោគ​ជា​សេដ្ឋវិទូ​ផង​ដែរ ពួកគេ​មាន​ការ​គិតគូរ​ច្បាស់លាស់ និង​ល្អិតល្អន់​ណាស់​មុន​នឹង​សម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​គម្រោង​ធំ​បែប​នេះ​»​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទាក់ទង​នឹង​គម្រោង​នេះ​ទេ​ដោយ​លោក​ថា​កំពុង​ជាប់​រវល់​កិច្ចការ​ច្រើន​ពេក​៕

 

http://www.postkhmer.com