ផ្សារទំនើបស្តង់ដារអន្តរជាតិថ្មីមួយ គឺផ្សារទំនើបក្នុងអគារ Exchange Square នឹងបើកដំណើរការនៅសប្តាហ៍ក្រោយនេះហើយ។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី10 មិថុនានេះថា ផ្សារទំនើបស្ថិតក្នុងអគារ Exchange Square ទំហំ 8,000ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្រោយស្ថានទូតអាមេរិក នឹងបើកដំណើរការនៅថ្ងៃទី15 មិថុនាខាងមុខនេះហើយ។ ផ្សារទំនើបនេះមានកម្ពស់ 4ជាន់ ចាប់ផ្តើមពីជាន់ផ្ទាល់ដី ដល់ជាន់ទី3 និងជាន់ទី4 នឹងប្រើប្រាស់ជាក្លឹបហាត់ប្រាណ ហើយចាប់ពីជាន់ទី5ដល់ជាន់ទី20 នឹងប្រើប្រាស់ជាអគារការិយាល័យ។
អ្នកនាងបន្តថា «រហូតមកទល់ពេលនេះផ្សារទំនើបនេះ ទទួលបានការជួលជាង 60ភាគរយហើយនៃផ្ទៃក្រឡាសរុប។ ផ្សារទំនើបនេះនឹងមានលក់សម្លៀកបំពាក់ម៉ាកល្បីៗដែលនាំចូលពីបរទេស អាហារ ភេសជ្ជៈ និងមណ្ឌលកម្សាន្តដែលរួមមានរោងភាពយន្តផងដែរ»។ អ្នកនាងបន្តថា «ផ្សារទំនើបនេះផ្តោតលើអតិថិជនចម្រុះ ដែលមានជីវភាពចាប់ពីកម្រិតមធ្យមឡើងទៅ ស្របពេលកម្លាំងទិញពីសំណាក់ប្រជាពលរដ្ឋកំពុងកើនឡើងផ្នែកកម្សាន្ត និងអាហារ ភេសជ្ជៈ»។ គម្រោង Exchange Square ត្រូវបានវិនិយោគដោយក្រុមហ៊ុន Hongkong Land ជាក្រុមហ៊ុនដែលមានភាពជោគជ័យក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យលំដាប់ពិភពលោក។
អ្នកនាង អាន សុធីតា បានបន្តថា ផ្សារទំនើបនេះនឹងទទួលបានជោគជ័យ ដោយសារបច្ចុប្បន្ននេះ និន្នាការដើរផ្សាររបស់ប្រជាពលរដ្ឋខ្មែរបានផ្លាស់ប្តូរពីការដើរផ្សារតាមបែបប្រពៃណី មកកាន់ផ្សារទំនើប និងផ្សារដែលមានស្តង់ដារអន្តរជាតិ។
យោងតាមលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា តម្រូវការប្រើប្រាស់ផ្សារទំនើប បានកើនឡើងពី 79ភាគរយកាលពីត្រីមាសទី1ឆ្នាំមុន ដល់ 82ភាគរយនៅដំណាច់ត្រីមាសទី 1ឆ្នាំនេះ ផ្ទុយទៅវិញទំហំផ្សារទំនើប ដែលនៅសល់បានកើនឡើងពី 21ដល់ 26ភាគរយ ក្នុងរយៈពេលដូចគ្នានេះ ដោយសារការផ្គត់ផ្គង់កើនឡើង។
ការសិក្សាដដែលបានរកឃើញថា ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញមានចំនួន 34គម្រោង ក្នុងនោះគម្រោងកម្រិត A មានចំនួន 12គម្រោង គម្រោងកម្រិត B មានចំនួន 10គម្រោង និងគម្រោងកម្រិត C មានចំនួន 12គម្រោង។
នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបលោក ប៉ែន សុខគា បានថ្លែងឲ្យដឹងថា «កំណើននៃតម្រូវការប្រើប្រាស់ផ្សារទំនើប ដោយសារកត្តាមួយចំនួន ដូចជា កំណើនប្រជាសាស្រ្ត កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ លក្ខខណ្ឌនៃការទិញទំនិញ និងការបញ្ចុះអត្រាការប្រាក់របស់មីក្រូហិរញ្ញវត្ថុ កំពុងជះឥទ្ធិពលដល់ដំណើរការនេះ»។
លោកបន្តថា «ការបន្ថយអត្រាការប្រាក់របស់រដ្ឋាភិបាល អាចជួយឲ្យប្រជាពលរដ្ឋអាចលៃលកប្រាក់សម្រាប់ចំណាយបាន ហើយការទិញបង់រំលស់កាន់តែងាយស្រួលក៏កំពុងជំរុញកំណើននៃការលក់ផងដែរ»៕
http://www.lareine.com.kh